គណបក្សនយោបាយចំនួន៣រួមគ្នាបង្កើតជាសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលនឹងប្រកាស នៅដើមខែធ្នូ ឆ្នាំ២០២០

(ភ្នំពេញ) ៖ គណបក្សនយោបាយចំនួន៣ បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាដោយបង្កើតជា «សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ» ដែលនឹងប្រកាស នៅដើមខែធ្នូ ឆ្នាំ២០២០។ គណបក្សនយោបាយចំនួនបី គឺគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាដោយដាក់ឈ្មោះថា «សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ ( ស . ប . ខ ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)» ។

ប្រធានគណបក្សសំបុកឃ្មុំសង្គមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានលើកឡើងថា៖ ការចងសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរគឺត្រូវធ្វើឲ្យបានគង់វង្សល្អហើយចង់បានលេខបូកដោះស្រាយបញ្ហាសង្គមឲ្យមានភាពយុត្តិធម៌។ លោក សូណង់ដូ បានបន្តថា ការចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ គឺធ្វើជាគំរូដោយចាប់ផ្តើមធ្វើពីគណបក្សបីគឺគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយ។ គណបក្សទាំងបី មានគោលនយោបាយប្រហាក់ប្រហែលគ្នានិងទិសដៅដូចគ្នាទាក់ទងរឿងជាតិ សន្តិភាព និងយុវជនហើយក៏មានការលើកឡើងអំពីសន្ធិសញ្ញាសន្តិភាព២៣ តុលា ផងដែរ។

លោកម សូណង់ដូ បានបញ្ជាក់បន្ថែមថា ការចងសម្ព័ន្ធភាពនេះគឺគណបក្សទាំងបីមិនច្របាច់ បញ្ចូលគ្នាទេដោយគណបក្សនិមួយៗរក្សាទុកនៅដដែលពោលគឺមិនច្របាច់ចូលគ្នាតែមួយ ហើយក៏មិនរំលាយគណបក្សទាំងបីចូលគ្នាដែរ។ ហើយអ្វីដែលធ្វើនេះគឺមានបំណងចង់ឲ្យគណបក្សនយោបាយនានាចូលរួមជាមួយសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ៕

សម្រួលអត្ថបទ ៖ S.T