ទាំងនេះគឺជាប្រវត្តិ និងសកម្មភាពការងារដ៏អស្ចារ្យរបស់ ប៉ាវ ចឹង ដែលជាមន្ត្រីស្មោះត្រង់ និងយុត្តិធម៌បំផុតក្នុងប្រវត្តិសាស្ត្រចិន

រឿង «Justice Pao» ដែលខ្មែរយើងនិយមហៅថា រឿង «តុលាការ មុខដែក» គឺជារឿងភាគដ៏ល្បីល្បាញរបស់ស្ថានីយទូរទស្សន៍តៃវ៉ាន់ CTS នាអំឡុងឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ២០០០ និងត្រូវបានចែកចាយផ្សាយជាផ្លូវការទៅទូរទស្សន៍ក្នុង ប្រទេសចំនួន ៥នៅអាស៊ី រួមមាន ប្រទេសិង្ហបុរី មីយ៉ាន់ម៉ា កម្ពុជា ថៃ និងឥណ្ឌូនេស៊ី ហើយក្នុងនោះមានប្រទេសខ្លះត្រូវបានទទួលសិទ្ធចាក់ផ្សាយពីរ ទៅ បីលើកផងដែរ។

នៅក្នុងសាច់រឿង «តុលាការ មុខដែក» ទាំងមូល បានបង្ហាញពីវីរៈភាព យុត្តិធម៌ និងសច្ចភាព របស់តួអង្គឯកឈ្មោះ ប៉ាវ ចិន ឬ ប៉ាវ ឈិនធាន ដែលជាមន្រ្តីរាជវង្សសុងដ៏មានប្រជាប្រិយ។ ប៉ាវ ចិន តែងតែស្វែងរកយុត្តិធម៌ជូនជនស្អាតស្អំ ក៏ដូចជាប្រជារាស្ត្រ ដែលជួបរឿងក្ដីអយុត្តិធម៌ ហើយសូម្បីតែមន្ត្រីធំ ឬសាច់ញាតិស្ដេ​ច ក៏គាត់ហ៊ានកាត់ទោសប្រហារជីវិតដែរ ឲ្យតែប្រព្រឹត្តិខុស ដូច្នេះហើយទើបរឿងនេះក្លាយជារឿងដ៏ល្បីល្បាញ និងជាមេរៀនដ៏ប្រពៃមួយសម្រាប់ឲ្យមន្ត្រីទាំងអស់លើសកលលោក រៀនសូត្រតាម។

តើ​ប្រវត្តិពិតរបស់ ប៉ាវ ចិន ឬ ប៉ាវ ឈិនធាន យ៉ាងណា?

ប៉ាវ ចិន ឬ ប៉ាវ ឈិនធាន ដែលជាឈ្មោះតួអង្គនៅក្នុងរឿង «Justice Pao» តាមពិតនិយាយពីឈ្មោះរបស់មន្ត្រី រាជវង្សសុងដ៏មានប្រជាប្រិយម្នាក់នៅក្នុងប្រវត្តិសាស្ត្រចិន ដោយមន្ត្រីម្នាក់នោះមានឈ្មោះថា ប៉ាវ ចឹង ឬប៉ាវ ហ្គុង ។

ប៉ាវ ចឹង កើតនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ៩៩៩ នៅតំបន់មួយឈ្មោះថា សិនសៀ ក្រុងហឺហ្វី ខេត្តលូស៊ូ ដែលបច្ចុប្បន្នស្ថិតនៅក្រុង ហឺហ្វី ខេត្តអានហ៊ុយ ក្នុងគ្រួសារមានជីវភាពល្អបង្គួរមួយក្នុងសង្គម ដោយឪពុករបស់លោកគឺជាមន្ត្រីរាជការឈ្មោះ ប៉ាវ លីងយី ខណៈដែលជីតាឈ្មោះ ប៉ាវ ស៊ីតុង​ ជាសមញ្ញជន។ ត្បិតតែឪពុកម្ដាយរបស់ ប៉ាវ ចឹង មានលទ្ធភាពរហូតអាចបញ្ជូនកូនឲ្យទៅរៀនយ៉ាងណាក្ដី ក៏ពួកគាត់នៅតែមានគំនិតសន្សំសំច័យខ្ពស់ ដូចជាសូម្បីតែមុនឆ្លងទន្លេ ប៉ាវ ចឹង​ ក៏ម្ដាយរបស់គេនៅតែឆ្លៀតឡើងភ្នំ រកអុសដើម្បីមកបង្កាត់ភ្លើងដែរ។ ដូច្នេះហើយ ពេលដែល ប៉ាវ ចឹង ធំដឹងក្ដី គេបានឈ្វេងយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់ប្រជាជនរស់ក្នុងវណ្ណៈទាប ព្រមទាំងចាប់ផ្ដើមស្រលាញ់យុត្តិធម៌ ចង់លុបបំបាត់អំពើពុករលួយចាប់តាំងពីពេលនោះមក។

អាយុ ២៩ឆ្នាំ ប៉ាវ ចឹង បានប្រឡងជាប់សញ្ញាប័ត្រជាន់ខ្ពស់មួយនាសម័យនោះគេហៅថា​ថ្នាក់ ជិនស៊ី ព្រមទាំងបានក្លាយ ជាមន្ត្រីចៅក្រម ប្រចាំការនៅតំបន់ ចៀនចាង ប៉ន្តែគាត់បានសុំពន្យាពេលឡើងកាន់តំណែងរយៈពេលមួយទសវត្សរ៍ ដើម្បីកាន់ទុក្ខ នៃមរណៈភាពរបស់ម្ដាយឪពុកគាត់។ ត្រង់ចំណុចនេះ ពុំមានឯកសារបញ្ជាក់ថា ម្ដាយឪពុករបស់ ប៉ាវ ចឹង ស្លាប់ដោយសារអ្វីឡើយ អាចដោយសារជំងឺ ឬជរាពាធ។

ក្នុងអំឡុងពេលដែល ប៉ាវ ចឹង កំពុងកាន់ទុក្ខម្ដាយឪពុកនៅផ្ទះ លោក លីវ យូ ដែលជាមន្ត្រីចៅក្រម ដ៏មានឥទ្ធិពលម្នាក់នៅ លូស៊ូ តែងតែទៅលេងគាត់ជាញឹកញាប់ ហើយសកម្មភាពដ៏ស្និទ្ធស្នាលពីសំណាក់បុរសម្នាក់នេះ ហាក់ដូចជាជួយធ្វើឲ្យ ប៉ាវ ចឹង ទទួលបានការគោរពកោតខ្លាចពីប្រជាជន។

១០ឆ្នាំក្រោយ បន្ទាប់ពីកាន់ទុក្ខ ប៉ាវ ចឹង មានអាយុ​ ៣៩ឆ្នាំ ហើយលោកត្រូវបានចាត់តាំងជាចៅក្រមនៅ តៀនចាង ដែលជាតំបន់មួយនៅមិនឆ្ងាយពីក្រុងរបស់គាត់រស់នៅ។ នៅទីនោះ ប៉ាវ ចឹង បានក៏សាងឈ្មោះជាចៅក្រម ដ៏វាងវៃម្នាក់ ទទួលបានការស្រឡាញ់យ៉ាងខ្លាំងពីប្រជាជន។

ចាំបានថា ពេលមួយមានបុរសម្នាក់បានមកប្ដឹងថា សត្វគោរបស់គេ ត្រូវបានជនមិនស្គាល់មុខ លួចកាត់អណ្ដាត។ ពេលនោះ ប៉ាវ ចឹង បានបង្គាប់ឲ្យបុរសនោះត្រឡប់ទៅផ្ទះវិញ ហើយសម្លាប់គោនោះតែម្ដងទៅ។ ទោះជាមិនយល់ពីបំណងរបស់ ប៉ាវ ចឹង តែបុរសនោះនៅតែធ្វើតាមបង្គាប់ ដោយបានសម្លាប់គោរបស់ខ្លួនដែលកំពុងរបួសនោះភ្លាមៗតែម្ដង។
បន្តិចក្រោយមក ស្រាប់តែមានបុរសម្នាក់ទៀតមកប្ដឹងថា ខ្លួនបានឃើញបុរសម្នាក់ខាងលើសម្លាប់គោយ៉ាងឃោឃៅបំផុត គួរតែត្រូវចាប់ខ្លួនដើម្បីឃុំឃាំង។ ឃើញដូច្នេះ ប៉ាវ ចឹង អាចកាត់យល់បានថា បុរសចុងក្រោយនេះ អាចជាអ្នកតាមឈ្នានីសបុរសទីមួយ ទើបគាត់បានស្រែកដោយមុខមាំថា «ឯងហ៊ានកាត់អណ្ដាតគោរបស់គេហើយ នៅមានមុខមកប្ដឹងគេបានទៀត?» ភ្លាមនោះ ដោយក្ដីភ័យខ្លាច ព្រោះយល់ថា ប៉ាវ ចឹង បានដឹងរឿង ទើបបុរសម្នាក់នេះសារភាពថា​ គេគឺជាអ្នកកាត់អណ្ដាតគោរបស់បុរសទីមួយពិតប្រាកដមែន។

ក្រោយមកនៅឆ្នាំ ១០៤០ ប៉ាវ ចឹង ត្រូវបានដំឡើងឋានៈជាចៅហ្វាយស្រុក ដុងចូវ ហើយកាលនោះ គាត់បានរកឃើញនូវអំពើពុករលួយរបស់មន្ត្រីជំនាន់មុនៗ ក៏ដូចជាទម្លាប់ទារសួយសារអាករពីប្រជាជនផងដែរ ដូច្នេះហើយពេលដែល ប៉ាវ ចឹង ឡើងកាន់តំណែង គាត់បានកែប្រែទម្រង់ទាំងអស់ឡើងវិញ ព្រមទាំងមិនឲ្យមានវប្បធម៌សូកប៉ាន់ថែមទៀតផង។

ឆ្នាំ ១០៤៤ ប៉ាវ ចឹង បានទៅរាជធានី ដើម្បីកាន់តំណែងមួយបន្ថែមទៀត ដែលជាអ្នកស៊ើបការណ៍ពាក់ព័ន្ធនឹងករណីពុករលួយ និងសូកប៉ាន់ ហើយក្នុងអំឡុងពេលនោះ លោកបានដាក់អនុស្សរណៈយ៉ាងហោចណាស់ចំនួន ១៣ ទៅអធិរាជ សុង ស្តីពីយោធា ពន្ធដារ ប្រព័ន្ធត្រួតពិនិត្យ ភាពមិនស្មោះត្រង់របស់រដ្ឋាភិបាល និងមន្ត្រីអសមត្ថភាព ជាដើម។

ភាពដ៏អស្ចារ្យបំផុតរបស់ ប៉ាវ ចឹង បានចាប់ផ្ដើមនៅឆ្នាំ ១០៥៧ ដែលពេលនោះ លោកត្រូវបានតែងតាំងជាចៅក្រមកំពូលនៅរាជធានី ខៃហ្វុង។ គ្រាន់តែកាន់តំណែងបានតែមួយឆ្នាំដំបូង ប៉ាវ ចឹង បានផ្ដួចផ្ដើមកែប្រែទម្រង់រដ្ឋាភិបាលស្ទើរទាំងអស់ ក្នុងនោះក៏អនុញ្ញាតឱ្យពលរដ្ឋដាក់ពាក្យបណ្តឹងដោយផ្ទាល់ជាមួយរដ្ឋបាលក្រុងផងដែរ ជៀសវៀងឆ្លងកាត់ច្រើនដំណាក់កាល ព្រោះវាអាចជាហេតុនាំមន្ត្រីថ្នាក់ក្រោមមានឱកាសទារប្រាក់ពីប្រជាពលរដ្ឋ។

ត្បិតតែកាលនោះ ប៉ាវ ចឹង អាចទទួលបានកិត្តិនាមនិងប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជន តែគាត់បានទទួរងនូវពាក្យបណ្ដឹងយ៉ាងច្រើនពីសំណាក់គ្រួសារមន្ត្រី និងអ្នកមានអំណាច ដោយសារតែគាត់បានបណ្ដេញមន្ត្រីមួយចំនួនធំចេញពីការងារភ្លាមៗ ក្រោមមូលហេតុតែមួយគត់ គឺពួកនោះជាមន្ត្រីដែលទទួលសំណូក បង្កើតឲ្យមានវប្បធម៌ពុករលួយ។

តាមពិត ប៉ាវ ចឹង ក៏ធ្លាប់ធ្វើជាមន្ត្រីផ្នែកហិរញ្ញវត្ថុដែរ តែជីវភាពរបស់គាត់ នៅតែដូចរាស្ត្រសាមញ្ញ។ ក្រៅពីមិនអត់ឱនឲ្យភាពអយុត្តិធម៌​ និងពុករលួយហើយនោះ ប៉ាវ ចឹង ក៏ជាបុគ្គលម្នាក់ដែលមានអកប្បកិរិយាដ៏តឹងរឹងបំផុត ដូចនេះហើយទើបគាត់ទទួលបានងារពីប្រជាជនថា ជាតុលាការមុខដែក និងជាមន្ត្រីស្មោះត្រង់បំផុតលើលោក។

បើនិយាយពីស្ថានភាពគ្រួសារ ប៉ាវ ចឹង មានប្រពន្ធពីរនាក់ និងកូនសរុប ៤នាក់ ក្នុងនោះប្រុស២ នាក់។ ប៉ាវ ចឹង បានទទួលមរណៈភាពនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ១០៦២ នៅអាយុ ៦៣ឆ្នាំ ក្នុងរាជធានី ខៃហ្វុង ហើយមុនពេលស្លាប់ គាត់បានបន្សល់ទុកពាក្យប៉ុន្មានម៉ាត់ ជាវិន័យរបស់គ្រួសារ «បើកូនចៅណាម្នាក់ បានក្លាយជាមន្ត្រីមកពីការសូកប៉ាន់ និងក្លាយជាមន្ត្រីដែលទទួលយកសំណូក នោះនឹងត្រូវបណ្ដាញចេញពីគ្រួសារ សូម្បីស្លាប់ក៏មិនឲ្យបញ្ចុះនៅជាមួយគ្រួសារ ប៉ាវ ដែរ។ អ្នកណាដែលមិនចែករំលែកគុណតម្លៃខ្ញុំ នោះមិនមែនជាកូនចៅខ្ញុំទេ»៕