កុំមើលងាយ! នេះហើយគឺជាតារាខ្មែរដែលធ្លាប់ត្រូវគេវាយតម្លៃថាបានត្រឹមតែតួរាយរង

រូបសម្រស់ ត្រូវបានគេផ្ដល់តម្លៃថាជាចំនុចសំខាន់មួយនៅក្នុងឧស្សាហកម្មភាពយន្ដ ឬផ្នែកសិល្បៈកម្សាន្ត ព្រោះថា ភាពស្រស់ស្អាត ស្រស់សង្ហាគឺជាចំណីចក្ខុមួយបម្រើឱ្យអារម្មណ៍យើងបានស្រស់ថ្លា។ ដោយហេតុថាសិល្បៈ​មានច្រើនប្រភេទ ច្រើនទម្រង់ ដូច្នេះ ការមានរូបសម្រស់ល្អគាប់ភ្នែកតែម្យ៉ាង​គឺមិនគ្រប់គ្រាន់នោះឡើយ ប៉ុន្តែ សមត្ថភាពផ្នែកសិល្បៈគឺជាផ្នែកមួយចម្បងជួយស្ទួយឱ្យអ្នកសិល្បៈមួយចំនួនល្បីឈ្មោះដល់កំពូលបាន បើទោះបីជាមិនសូវមានរូបសម្រស់បានពីធម្មជាតិក៏ដោយ។ ក្នុងនោះមានដូចជា តួឯកស្រីល្បីឈ្មោះពីរដួង ដែលកំពុងតែអង្គ្រួនវិស័យភាពយន្តក្នុងស្រុកនេះគឺ នី មុន្នីនាថ​ និង ដួង ម៉ានិច្ច។

បើទោះបីជាកំពូលតារាស្រីល្បីឈ្មោះ នី មុន្នីនាថ​និង ដួង ម៉ានិច្ច បច្ចុប្បន្នមានរូបសម្រស់ល្អគន់គាប់ភ្នែក ហើយតែងតែក្ដោបបានតំណែងជាតួឯកស្រីជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែ តើលោកអ្នកដឹងដឹងទេ អ្នកទាំងពីរក៏ត្រូវធ្លាប់បានមហាជនឬអ្នកសិល្បៈគ្នាឯងចំអន់ថាមិនអាចដើរតួធំក្នុងរឿងបានទេ គឺអាចបានត្រឹមតែជាតួអ្នកបម្រើ ឬតួរាយរងបន្ទាប់បន្សំតែប៉ុណ្ណោះ។ បញ្ជាក់បន្ថែមក្នុងរឿងនេះ ស្រីស្រស់ ម៉ានិច្ច ធ្លាប់បានផ្ដល់បទសម្ភាសឱ្យដឹងថា នាងត្រូវបានអ្នកសិល្បៈគ្នាឯងដៀលថាមុខមាត់ស្រែៗ មិនអាចល្បីល្បាញក្នុងវិថីផ្កាយនេះបានឡើយ។ នាងបញ្ជាក់ថា ព្រោះតែការវាយតម្លៃនេះហើយ ទើបនាងខំក្រាញននៀលរហូតទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។

មិនខុសគ្នាប៉ុន្មានគឺកញ្ញា ដួង ម៉ានិច្ច កញ្ញា នី មុន្នីនាថ អតីតជាអ្នកលក់កាសែតតាមតូបជាប់របងសាលាធ្លាប់បានផ្ដល់បទសម្ភាសឱ្យដឹងថា ​ដោយសារតែកម្ពស់ និងសម្បុរស្បែកមិនជ្រះស្អាតពីធម្មជាតិទើបមានអ្នកសិល្បៈគ្នាឯងមួយចំនួនបានចំអន់ និងកំណត់ជោគវាសនាឱ្យនាងថាមិនអាចក្លាយជាតារាល្បីបានឡើយ គឺបានត្រឹមតែជាតួរាយរងតែប៉ុណ្ណោះ។

អ្វីៗគ្រប់យ៉ាង មិនបានដើរតាមបបូរមាត់អ្នកដទៃ តែក្ដីស្រមៃពិតជាអាចសម្រេចទៅបាន បើសិនជាយើងដើរតាមគោលដៅដែលបានកំណត់ ដោយភ្ជាប់ជាមួយនឹងការតស៊ូអំណត់ព្យាយាមរបស់ខ្លួននោះ។ ដូចដែលមហាជនបានជ្រាបរួចមកហើយ បច្ចុប្បន្នតួឯកស្រីទាំងពីរដួងនេះត្រូវបានគេចាត់ចូលជាកំពូលតារាលំដាប់ប្រទេស ចំណែកឯរូបសម្រស់វិញក៏ស្រស់សោភា ហើយចំពោះស្នាដៃក្នុងវិស័យសិល្បៈ​គឺមានតិចរឿងណាស់ដែលអ្នកដឹកនាំតម្រូវឱ្យអ្នកទាំងពីរដើរតួរងនោះ ពោលគឺស្ទើរមួយរយភាគរយគឺបានទទួលការងារជាតួឯកជាដរាប៕

ដោយ៖ ភូមិន្ទ