អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​នោះ​ទេ

(ភ្នំពេញ) ៖ នាពេលថ្មីៗនេះ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បាន​សរសេរ​លើ​បណ្តាញ​សង្គម នាថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០២០ ដោយបាន​លើក​ឡើង​អំពី​កង្វល់ និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា៖ របាយការណ៍​នេះ​មិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​សន្និដ្ឋាន និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ ព្រោះថា ការ​សន្និដ្ឋាន​របស់​គេ គឺ​ផ្តោត​សំខាន់ តែ​ទៅ​លើ​រូបភាព​ខាងក្រៅ​តែ​ប៉ុណ្ណោះ ពោល គឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ គេ​សន្និដ្ឋាន​ថា ជា​ការ​រំលោភសិទ្ធិ​មនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់ និង​ធ្វើការ​វិភាគ​វែកញែក​ពី​ទ​ង្វើ និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំងនោះ​ឡើយ​ថា តើ​វា​ជា​សកម្មភាព​ការពារ​សិទ្ធិ​មន​ស្ស ឬ​ជា​ការ​ប្រព្រឹត្ត​បទល្មើស ហើយ​វា​មាន​មូលដ្ឋាន និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើត​បានជា​បទល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែរ ឬ​អត់ ហើយ​ពួក​គេ​បាន​ធ្វើ​អ្វីខ្លះ​បានជា​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​យ៉ាង​ដូច្នេះ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លី​ន បន្ត​ថា រដ្ឋាភិបាល និង​សមត្ថកិច្ច​មិន​បាន​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ មាន​តែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែ​ប៉ុណ្ណោះ ដែល​បាន​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ​ផ្អែក​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ការ​ស៊ីឈ្នួល​ជួបជុំ​តវ៉ា និង​អនុវត្ត​តាម​ផែនការ​ខុសច្បាប់​របស់​អង្គការ​ចលនា​ចាត់តាំង​ក្រៅច្បាប់​ក្នុង​ចេតនា​ទុច្ចរិត​បង្ក​ភាព​ចលាចល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​មិនមែន​ជា​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​នោះ​ទេ ហើយ​អ្នក​ដែល​អនុវត្ត​នូវ​សកម្មភាព និង​ផែនការ​ទាំងនោះ​ក៏​មិនមែន​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​ដែរ តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​អំពើ​ល្មើស​ទៅ​នឹង​ច្បាប់ ហើយ​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទាំងនោះ​ក៏​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ដែល​មាន​ជា​ធរមាន​ផង​ដែរ ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ គោរព និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​លើ​គ្រប់​វិស័យ ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងមូល និង​ក៏​ប្រកាន់​ភ្ជាប់​ផង​ដែរ នូវ​វិធានការ​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់​ចំពោះ​ក្រុម​ដែល​មាន​ផែនការ និង​ចេតនា​ទុច្ចរិត បង្ក​នូវ​ភាព​ចលាចល និង​អសន្តិសុខ​ក្នុង​សង្គម​ក្រោម​រូបភាព និង​លេស​សិទ្ធិ​មនុស្ស​ក្នុង​គោលដៅ​ការពារ​សិទ្ធិ​សេរីភាព​អ្នក​ដ៏​ទៃ និង​ថែរក្សា​នូវ​សន្តិសុខ ស្ថេ​រ​ភាព​សង្គម និង​សណ្តាប់​ឆ្នា​ប់​សាធារណៈ​៕

សម្រួលអត្ថបទ ៖ S.T