មិនធម្មតា! តារាសម្ដែង ជុំ ស៊ីថា មិនដល់ពីរឆ្នាំផង មានកូនរហូតដល់ ៤ នាក់

តារាសម្ដែងនិងម៉ូឌែលវ័យក្មេងស្រស់សង្ហា ជុំ ស៊ីថា ទើបតែទទួលបានចំណងដៃកូនស្រីម្នាក់អាយុមិនទាន់បានមួយខួបផង ស្រប់តែពេលនេះភរិយារបស់លោកមានផ្ទៃពោះម្ដងទៀតទៅហើយ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺលើកនេះភរិយារបស់លោកពរពោះកូនភ្លោះរហូតដល់ទៅបីនាក់ឯណោះ។

យោងតាមការបញ្ជាក់របស់តារាសម្ដែងដែលប្ដូរអាជីពទៅជាប៉ូលិសចរាចរណ៍រូបនេះ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា បានឱ្យដឹងទាំងអារម្មណ៍រំភើបថា តាមការពិនិត្យអេកូនិងបញ្ជាក់បន្ថែមពីគ្រូពេទ្យគឺប្រពន្ធរបស់លោកកំពុងពរពោះកូនភ្លោះចំនួន ៣​នាក់ពិតមែន គឺកូនប្រុសពីរនិងស្រីម្នាក់ដែលត្រៀមនឹងសម្រាលនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបញ្ជាក់បន្ថែមថា លោករំភើបចិត្តដែលទទួលកូនម្ដងបី ប៉ុន្តែក៏មានចិត្តអាណិតប្រពន្ធដែរ ព្រោះនាងមានមាឌតូចល្អិតបន្ដិច។ក្រៅពីសម្ដែងការរំភើបចិត្តក្នុងរង្វង់គ្រួសារ តារារូបនេះ ក៏ត្រៀមនឹងទទួលបានអំណោយពីសម្ដេចតេជោហ៊ុនសែនផងដែរ ព្រោះថាកន្លងមកសម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកគ្រួសារដែលមានកូនភ្លោះបីនាក់ប្រៀបដូចជាកូនចៅរបស់សម្ដេចផងដែរ។

​គួរបញ្ជាក់ឱ្យដឹងថា លោក ជុំ ស៊ីថា បានផ្អាកការសម្ដែងនឹងដើរម៉ូដប្រហែលជា ៣ ឆ្នាំមកហើយ ដោយងាកទៅពង្រឹងលើអាជីពជាមន្រ្តីប៉ូលិសវិញ។ ផ្នែកជីវិតឯកជនគេសង្កេតឃើញថា តារារូបនេះរស់នៅក្នុងជីវភាពល្អប្រសើរមួយព្រោះក្រៅពីមានចំណេះជំនាញផ្ទាល់ខ្លួនហើយនោះ ភរិយារបស់លោកក៏ជាកូនស្រីអ្នករកស៊ីអចលនទ្រព្យដ៏លេចធ្លោម្នាក់ផងដែរ៕

ដោយ៖ ភូមិន្ទ