ដើមឈើនៅតំបន់ព្រៃលិចទឹក ត្រូវបានក្រុមល្មើសកាប់ ដឹកតាមទូកយកមកដាក់ដើម្បីចាប់ត្រី ដែលផ្ទុយពីច្បាប់ស្តីពីជលផល តែគ្មានការបង្ក្រាបនោះឡើយ

(កំពង់ឆ្នាំង)៖ ដើមឈើនៅតំបន់ព្រៃលិចទឹក ត្រូវបានក្រុមល្មើសកាប់ដឹកជញ្ជូនរាល់ថ្ងៃ ដឹកតាមទូកយកមកធ្វើជាសម្រាប់ដាក់ចាប់ត្រី ដែលផ្ទុយពីច្បាប់ស្តីពីជលផលនិងគ្មានការបង្ក្រាបនោះឡើយ គ្រាន់តែរដូវទឹកស្រកទៅវិញភ្លាម បទល្មើសនេសាទក៏ត្រូវបានចាប់ផ្តើមគួរអោយកត់សំគាល់និងគួរឱ្យព្រួយបារម្មណ៍ផងដែរ ។

បទល្មើសដែលក្រុមជនល្មើសកាប់ដើមឈើដែលជាដើមឈើព្រៃលិចទឹក និងជាជម្រកសម្រាប់ត្រីពងកូនផងនោះ ត្រូវ បានគេប្រទះឃើញនៅក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលមានដើមរាំង និងដើមទន្លាធំៗជាច្រើន ត្រូវបានក្រុមជនល្មើសអារកាត់ និងកាប់មែកដឹកតាមទូក យកមកទម្លាក់នៅក្នុងទឹកទន្លេ ខ្លះនៅសល់តែដើមឈើគ្មានមែក និងខ្លះទៀតសល់តែគល់ ត្រឹមផ្ទៃទឹករាប់ដើមមិនអស់ ។

ដោយឡែកកន្លែងខ្លះទៀត ត្រូវគេមើលឃើញថា មែកនិងដើមឈើដែលគេអារ ឬកាប់យកមកធ្វើជាសម្រាប់ដាក់នៅតាមទន្លេគេមើលឃើញចេញតែចុងមែកឈើ ផុតពីក្នុងទឹកនៅស្រស់ៗនៅឡើយ ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មានមួយក្រុម ដែលធ្វើដំណើរ តាមការណូត២គ្រឿងធ្វើដំណើរមកដល់ចំណុច កាម៉ាល់ ក្នុងឃុំប្រឡាយមាស បានប្រទះឃើញ ទូកធំ១គ្រឿងនិងមានកាណូត១គ្រឿងអូសក្នុងគោលដៅយកទៅទំលាក់ឈើក្នុងទន្លេ និងនៅកន្លែងផ្សេងដែលគេបានកំណត់ដែលផ្ទុយនឹងច្បាប់ស្តីពីជលផល ។ ដោយគ្រាន់តែគ្រាន់តែឃើញ អ្នកសារព័ត៌មានលើក ថតយករូបភាព ក្រុមជនល្មើសបើកកាណូតស្មាច់គេចខ្លួនបាត់ផងដែរ ។

ក្រោយពីឃើញស្ថានភាពបែបនេះ ក្រុមអ្នកសារព័ត៌មាន បានរាយការណ៍ទៅមន្ត្រី ជំនាញ ដើម្បីចុះមកចាត់ការអូសនាំយកមករក្សារទុកនៅសង្កាត់កំពង់លែងដើម្បីតាមស្រាវជ្រាវរកម្ចាស់ផងដែរ ។

ប្រធាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងតាមរយៈទូរស័ព្ទ នៅវេលាម៉ោង១០និង៥៩នាទីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ករណីខាងលើនេះសមត្ថកិច្ចបាននាំយកការទូកធំខាងលើមកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លែង ដើម្បីស្រាវជ្រាវរកម្ចាស់និងបក្សពួក ។ ករណីបទល្មើសបែបខាងលើនេះមិនអាចអត់ឱនឱ្យបាននោះឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់ហើយមិនមានការសម្របសម្រួលណាមួយ ដោះលែងវត្ថុតាងទៅវិញនោះទេ ។

ប្រជាពលរដ្ឋ ដែលកំពុងធ្វើនេសាទដាក់មងចាប់ត្រីជាលក្ខណៈគ្រួសារ បាននិយាយអោយដឹងថា ពួកគាត់តែងតែបានឃើញក្រុមជនល្មើសមានគ្នាច្រើនដើរអារ ឬកាប់ដើមឈើដឹកតាមទូកយកទៅធ្វើជាសម្រាស់ដាក់តាមទន្លេរាល់ៗថ្ងៃ។ ប្រជានេសាទអោយដឹងទៀតថា ពេលថ្ងៃពួកគេធ្វើសកម្មភាពអារកាប់ដើមឈើមាន ដើមរាំង ដើមសង្កែង និងដើមទន្លានិងដើមឈើព្រៃលិចទឹកផ្សេងៗទៀត លុះដល់ពេលព្រលប់ៗ ទើបពួកគេយក ទូកកាណូតមកដឹកហើយអូសចេញទៅទំលាក់ក្នុងទឹកទន្លេ។

គាត់ថាសកម្មភាពខាងលើនេះ ក្រុមជនល្មើសបានធ្វើជារៀងរាល់ថ្ងៃ ហាក់គ្មានខ្លាចញញើតនិងមន្ត្រីជំនាញណាឡើយ ពួកគាត់ជាប្រជាពលរដ្ឋ មិនហ៊ាន ធ្វើអ្វីនិងគេទេ ដោយពួកគេទាំងនោះ បានប្រាប់ថា៖ គេបានបង់លុយឱ្យសមត្ថកិច្ចអស់ហើយ បើមិនអញ្ចឹងស្មានថាធ្វើបាន ។

ប្រភពដោយឡែកមួយទៀត ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថាករណីបង្រ្កាបបទល្មើសនេសាទ ជាភារកិច្ចរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដែលជាអ្នកអនុវត្តផ្ទាល់មិនមែនខាងណានោះឡើយ ។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវគេមើលឃើញថា ការនេសាទដាក់សម្រាស់ដើម្បីចាប់យកត្រីត្រូវគេមើលឃើញថា កើតមានពាសពេញនៅតាមបណ្ដាស្រុកដែលជាប់មាត់ទន្លេមាននៅ ស្រុកបរិបូណ៍ ស្រុកកំពង់លែង ស្រុកជលគីរីនិងស្រុកកំពង់ត្រឡាចផងដែរ៕

ដោយ សុក្ខារិន (Yuth)