Zoom បន្ថែមមុខងារសុវត្ថិភាពមួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing

កាលពីម្សិលមិញនេះក្រុមហ៊ុន Zoom បានប្រកាសនៅក្នុង blog របស់ខ្លួនថា ក្រុមហ៊ុនបានបន្ថែមមុខងារសុវត្ថិភាពចំនួន២ទៀតកាលពីចុងសប្តាហ៍មុន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing។ នៅក្នុងចំណុចសុវត្ថិភាពទីមួយគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកគ្រប់គ្រងអាចផ្អាកការជួបគ្នាជាបណ្ដោះអាសន្ន ដើម្បីដកចេញជនដែលបង្កការរំខានដោយគ្រាន់តែចុចលើ “Suspend Participant Activities,”។ ជាងនេះទៅទៀតអ្នកគ្រប់គ្រងក៏អាចបញ្ជូនរបាយការណ៍ដូចជា ឈ្មោះជនបង្កការរំខាន ព័ត៌មានលម្អិត និងរូបភាព Screenshot ទៅឱ្យក្រុមហ៊ុនបានថែមទៀតផង។

ចំណែកឯនៅក្នុងចំណុចសុវត្ថិភាពទីពីរនោះគឺអ្នកគ្រប់គ្រងអាចកំណត់ឱ្យអ្នកចូលរួម ធ្វើការរាយការណ៍ពីជនដែលបានបង្កការរំខាននោះ ដោយគ្រាន់តែចុចនៅលើរូបភាពសុវត្ថិភាពដែលមាននៅខាងលើផ្នែកខាងឆ្វេងនៃផ្ទាំងកម្មវិធី។ លោកអ្នកអាចប្រើមុខងារថ្មីទាំងពីរនេះជាមួយនឹងកម្មវិធី Zoom version 5.4.3 សម្រាប់កុំព្យូទ័រនិងទូរសព្ទ។ សម្រាប់លោកអ្នកដែលប្រើគេហទំព័រ មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីមុខងារសុវត្ថិភាពទាំងពីរខាងលើនេះ ក្រុមហ៊ុនក៏បានបញ្ចេញនូវមុខងារថ្មីមួយដែលគេហៅថា “At-Risk Meeting Notifier” ដែលមុខងារនេះនឹងផ្ញើអុីមែលទៅអ្នកគ្រប់គ្រង ប្រសិនបើប្រព័ន្ធរបស់ពួកគេរកឃើញថា ការប្រជុំគ្នា (Meeting) របស់លោកអ្នកនឹងអាចជួបការរំខានខ្ពស់ ដែលនេះអាចឱ្យអ្នកគ្រប់គ្រងលុបចោលតំណភ្ជាប់ចាស់ហើយបង្កើតតំណភ្ជាប់ថ្មី ឬបន្ថែមមុខងារសុវត្ថិភាពដែលមាននៅក្នុងកម្មវិធីនេះបាន៕

ដោយ៖ Vireak

ប្រភព៖ នគរបាលប្រឆាំបទល្មើសបច្ចេកវិទ្យា