ប្រវត្តិសង្ខេប និងស្នាដៃសិល្បៈលោកស្រី សុង សេងហ៊ន ម្ចាស់បទ “ចេះតែស្រះអួយ”

“ចេះតែស្រះអួយ” គឺជាចម្រៀងមួយបទដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លើកមកច្រៀងសាជាថ្មីម្ដងទៀត ហើយទទួលបានការគាំទ្រខ្លាំងពីមហាជន។ ប៉ុន្តែតើលោកអ្នកជ្រាបទេថា បទចម្រៀងដ៏ពីរោះនិងមានភាពក្រមិចក្រមើមមួយបទនេះគឺជាសំនៀងដើមរបស់តារាចម្រៀងល្បីឈ្មោះអ្នកស្រី សុង សេងហ៊ន។ ខណៈនេះ Sky Bother media នឹងនាំអារម្មណ៍មិត្តអ្នកអានឱ្យទៅស្គាល់ប្រវត្តិនិងស្នាដៃសិល្បៈរបស់លោកស្រីខ្លះៗដែលត្រូវបានចាក់ទុកថាជាសម្បត្តិដ៏មានតម្លៃសម្រាប់សិល្បៈខ្មែរ។

អ្នកស្រីសុង សេងហ៊ន ជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញទូទាំងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី៩០។ អ្នកស្រីមានស្រុកកំណើតនៅក្រុងភ្នំពេញ នាខណ្ឌទួលគោក។ អ្នកស្រី ជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់៤នាក់ (ស្រី ២នាក់ ប្រុស២នាក់) ។ ចំពោះប្រវត្តិការសិក្សា អ្នកស្រីសុង សេងហ៊ន ធ្លាប់បានសិក្សានៅសាសាបឋម សិក្សាពៅ អ៊ុំ (បច្ចុប្បន្នក្លាយជាសាលាបឋមសិក្សាទួលគោក) ហើយក្រោយមកអ្នកស្រីបានបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅកាន់ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (សព្វថ្ងៃខេត្តបន្ទាយមានជ័យ)។ នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ក្រុមគ្រួសារអ្នកស្រីសុង សេងហ៊នបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ហើយបានបង្កើតផលិតកម្មមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បីប្រកបអាជីវកម្មថតកាសែតនិងថាសចម្រៀង។ សព្វថ្ងៃអ្នកស្រីសុង សេងហ៊ន កំពុងរស់នៅរដ្ឋផេនស៊ីលវ៉ានីញ៉ា ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ។

ជីវិតសិល្បៈ និង ស្នាដៃ

អ្នកស្រីបានចាប់អាជីពជាតារាចម្រៀងឱ្យផលិតកម្មសាយណ្ហណារ៉ា នៅឆ្នាំ១៩៨២។ បទចម្រៀងរបស់អ្នកស្រីទាំងអស់ សុទ្ធតែថតឱ្យផលិតកម្មសាយណ្ហណារ៉ា ពោលគឺអ្នកស្រីពុំដែលធ្លាប់បានថតឱ្យផលិតកម្មណាផ្សេងឡើយ សូម្បីតែច្រៀងតាមវេទិកាប្រគំតន្រ្តីនានាឬ ចូលរួមច្រៀងជាកិត្តិយសក្នុងកម្មវិធីណាមួយក៏មិនដែលផង។ បទចម្រៀងរបស់អ្នកស្រីមានលក្ខណៈពិសេសត្រង់ថាបទភាគច្រើនគឺអ្នកស្រីជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងអំឡុងទ.វទី៩០ បទចម្រៀងរបស់អ្នកស្រីសុង សេងហ៊ន បានទទួលការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ជាញឹកញាប់ នៅក្នុងកម្មវិធីសំណូមពរបទចម្រៀងនាសម័យនោះ គេតែងឮប្រិយមិត្តអ្នកស្ដាប់សំណូមពរឱ្យចាក់បទចម្រៀងរបស់អ្នកចម្រៀងរូបនេះទាំងនៅស្ថានីយ៍វិទ្យុនៅក្នុងប្រទេសកម្ពុជាទាំងនៅវិទ្យុសម្លេងសហរដ្ឋអាមេរិក ព្រោះគេយល់ថាទឹកដមសម្លេងអ្នកស្រីពិរោះលន្លង់លន្លោចស្រាលស្រទន់សក្តិសមទាំងបទមនោសញ្ចេតនាទាំងបទញាក់កន្រ្តាក់អារម្មណ៍។ តារាចម្រៀងល្បីៗជំនាន់ស្របាលអ្នកស្រីមានដូចជាគឺលោកកែវ សារ៉ាត់ លោកឈួយ សុភាព លោកទឹង ភិរម្យ អ្នកស្រីឡុង ស៊ីដា អ្នកស្រីដួង ម៉ាឡៃ ជាដើម។ បទចម្រៀងល្បីៗរបស់អ្នកស្រីសុង សេងហ៊នរួមមាន៖

1.បទទឹកភ្នែកសម្ងាត់ (ខ្នើយប៉ាក់)

2.បទវីយូឡុងស្នេហា

3.បទខ្ញុំបានរូបថតគេបានបង

4.បទដល់វេលាត្រូវសារភាព

5.បទសុំបេះដូងមួយចំណែក

6.បទយកចិញ្ចៀនពេជ្រទៅវិញចុះ

7.បទស្នេហ៍វ័យកុមារ … ជាដើម៕

គួរបញ្ជាក់ថា លោកស្រី សុង សេងហ៊ន កើតនៅឆ្នាំ ១៩៥៨ ដែលរហូតមកទល់បច្ចុប្បន្នេះលោកស្រី មានវ័យ ៦២ ឆ្នាំហើយ។ តាមការទម្លាយនូវកម្រងរូបភាពខ្លះពីសំណាក់មិត្តភក្ដិរបស់លោកស្រីផ្ទាល់បានឱ្យដឹងថា សព្វថ្ងៃលោកស្រីនៅមានសុខភាពមាំទាំល្អ រូបសម្រស់ល្អគន់ ហើយរស់នៅក្នុងជីវភាពល្អប្រសើរមួយផងដែរ៕

សម្រួលអត្ថបទពីវីគីភីឌា៖ (ភូមិន្ទ)