អាជ្ញាធរខេត្តសៀមរាប ចុះបិទមជ្ឈមណ្ឌលកម្សាន្តចំនួន ២កន្លែង នៅតំបន់ផប់ស្រ្ទីត ក្រោយពីមិនគោរពតាមគោលការណ៍របស់អាជ្ញាធរ ពាក់ព័ន្ធនឹងវិធានការការពារកូវីដ-១៩

(សៀមរាប)៖​ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ដោយបានសម្រេចបិទទីតាំងកម្សាន្តចំនួន ២កន្លែងជាបណ្តោះអាសន្ននៅតំបន់ផប់ស្រ្ទីត។

ទីតាំងកម្សាន្តទាំងពីរកន្លែងខាងលើគឺ ទីតាំងស្កាយបារ ដឺ វ័ន បាយធី ( The One by T) និង ២. ថេមផលក្លឹប (Temple Club)។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តខាងលើ បានបញ្ជាក់ថា ការបិទទីតាំងកម្សាន្តនោះ ដោយសារតែម្ចាស់អាជីវកម្ម មិនបានចូលរួមអនុវត្តវិធានសុវត្តិភាពទេសចរណ៍ ក្នុងស្ថានភាពដំណាក់កាលកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ការណែនាំរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសជាថ្មីម្តងទៀតឱ្យបិទ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ឱ្យបានក្នុងស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលជាសកល បន្ទាប់ពីមានព្រឹត្តិការណ៍ ៣វិច្ឆិកា៕ ដោយ៖ Micheal