វប្បធម៌ពណ្ណរាយ! ខែវិច្ឆិកានិងធ្នូនេះមានសម្បត្តិ ៥ យ៉ាងរបស់ខ្មែរដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ

អាចចាត់ទុកថាជាខែនៃវប្បធម៌ខ្មែរដែលពណ្ណរាយកេរ្តិ៍ត្រសុំត្រសាយលើឆាកអន្តរជាតិព្រោះថាក្នុងខែវិច្ឆិកានិងខែធ្នូនេះគឺជាខែនៃខួបសម្បត្តិវប្បធម៌ខ្មែរដ៏មានតម្លៃរហូតដល់ទៅ ៥ យ៉ាង ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ ក្នុងនោះមានដូចជា ល្ខោនស្រមោលស្បែកធំ ល្ខោនខោល ចាប៉ីដងវែង ល្បែងទាញព្រ័ត្រ និងប្រាសាទអង្គរវត្តជាដើម។ ចំពោះព័ត៌មានពិស្ដារ ថ្ងៃខែឆ្នាំនៃការចុះបញ្ជីគឺមានរាយនាមជូនដូចខាងក្រោម៖

១/. ល្ខោនស្រមោលស្បែកធំ( ២៥ វិច្ឆិកា ២០០៥)៖ ល្ខោនស្បែកធំ ឬ ល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា។ ល្ខោននេះមានដើមកំណើត ប្រហែលកើតឡើងមុនសម័យអង្គរ នេះបើយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី៩។

២/. ល្ខោនខោល វត្តស្វាយអណ្ដែត​ (២៨ ខែ វិច្ឆិកា ២០១៨)៖ ល្ខោនខោល ត្រូបានគេជឿថា ជាល្ខោនដែលបំលែងចេញពីល្ខោនស្បែកធំ។ ពាក្យខោលដែលជាពាក្យនាមសព្ទ នៅក្នុងវចនានុក្រមរបស់សម្ដេចសង្ឃរាជ ជួន ណាត មានន័យថា ទម្រង់ខ្លី។ ដូច្នេះ យើងអាចទាញសេចក្ដីសន្និដ្ឋានបានថា ល្ខោនខោល ជាល្ខោនទម្រង់មួយបែប ដែលលេងជាកំណាត់រឿងខ្លីៗ ហើយពាក្យ “ខោល” នេះត្រូវបានគេប្រទះឃើញក្នុងសិលាចរឹកមួយចំនួនដូចជាៈ សិលាចរឹក K.566-a តំបន់ភាគខាងលើស្ទឹងស្រែង ក្នុងទឹកដីខេត្តសៀមរាបនិង ចារឹកនៅចុង ស.វទី១០ និយាយពី (ល្ខោនមុខខោល) ជាដើម។

៣/. ចាប៉ីដងវែង (៣០ វិច្ឆិកា ២០១៦)៖ ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។

៤/. ល្បែង​ទាញ​ព្រ័ត្រ (​២ ខែ​ធ្នូ ឆ្នាំ​២០១៥)៖ ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះជានិមិត្តរូបនៃសាមគ្គីភាព។

៥/. ប្រាសាទអង្គរវត្ត (១៤ ខែធ្នូ ឆ្នាំ​១៩៩២)៖ ប្រាសាទអង្គរវត្ត​មិនត្រឹមតែជាកំពូលស្ថាបត្យកម្មនិងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់មនុស្សជាតិក្នុងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជាយើងទាំងមូល​ផងដែរ៕

ដោយ៖ ភូមិន្ទ