សណ្ឋាគារយីហោ (ហុង បូ) របស់លោកឧកញ៉ាម្នាក់ នៅក្បែរច្រកទ្វារអន្តរជាតិព្រំ កំពុងបង្ហូរទឹកស្អុយប៉ះពាល់លំនៅឋានប្រជាពលរដ្ឋច្រើនគ្រួសារ

(ប៉ៃលិន) ៖ ប្រជាពលរដ្ឋរស់នៅក្បែរសណ្ឋាគារមួយកន្លែង ដែលបានអះអាងថា ជារបស់លោក ឧកញ៉ាម្នាក់ កំពុងតែបង្ហូរទឹកស្អុយ ឆ្អេះឆ្អាបទៅលើដងផ្លូវសាធារណ: ជាហេតុធ្វើឱ្យជះក្លិនអាសោច បង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ទើបទ្រាំលែងបានក៏នាំគ្នានិយាយលើកឡើងពីទុក្ខលំបាករបស់ខ្លួនប្រាប់ភ្នាក់ងារសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាននិយាយរៀបរាប់ត្អូញត្អែរពីទុក្ខវេទនាប្រចាំថ្ងៃឱ្យដឹងដូចៗគ្នាថា ៖ សណ្ឋាគារ យី ហោ (ហុង បូ) របស់លោកឧកញ៉ាម្នាក់ ឈ្មោះ សេង ឈុនឡេង ពិតជាបានបង្ហូរទឹកស្អុយ ឆ្អេះឆ្អាប ពោលគឺអនាធិបតេយ្យជះក្លិន មិនល្អទៅលើផ្លូវសាធារណ: ហើយហូរសាចពាសវាលពាសកាលបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់ ។

ប្រភពបន្តទៀតថា ការជះក្លិនស្អុយបែបនេះ មិនថា ជារដូវភ្លៀង ឬរដូវប្រាំងអ្វីនោះទេ ពោលគឺគេបង្ហូរទឹកចេញពីសណ្ឋាគារជារៀងរាល់ថ្ងៃ បណ្តាលឱ្យជះក្លិនស្អុយបែបនេះ រំខានដល់ការរស់នៅរបស់ពួកគាត់ ហើយក៏ធ្លាប់ប្តឹងទៅខាងអាជ្ញាធរមូលដ្ឋាន និងខាងបរិស្ថានដែរ តែហាក់ដូចជាគ្មានការអន្តរាគមន៍ ឬចំណាត់ការចំពោះបញ្ហាអ្នកមានលុយបង្ហូរទឹកស្អុយនេះទាល់តែសោះ ។

ពួកគាត់បញ្ជាក់ទៀតថា សព្វថ្ងៃ នេះ ការរស់នៅលើដីផ្ទះរបស់ខ្លួន ក្បែរសណ្ឋាគារខាងលើ គ្មានផាសុខភាពនោះទេ ពោលគឺដេកអត់លក់ ហូបក៏មិនចូល ព្រោះតែក្លិនចេញពីសណ្ឋាគារខាងលើ បង្កផលប៉ះពាល់ខ្លាំង ហើយពួកគាត់ក៏សំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តប៉ៃលិនចុះទៅរៀបចំសណ្តាប់ធ្នាប់នៅត្រង់កន្លែងខាងលើផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ខាងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តប៉ៃលិនម្នាក់ បានឱ្យដឹងថា ខាងលោកធ្លាប់ចុះទៅណែនាំអប់រំម្ចាស់សណ្ឋាគារខាងលើដែរ តែហាក់ ដូចជាមិនយកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់មន្រ្តីជំនាញនោះឡើយ ។

ចំណែកមេការម្ចាស់សណ្ឋាគារម្នាក់មិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ខាងលោកអត់ដឹង រឿងនេះទេ បើចង់ដឹងច្បាស់ឱ្យទាក់ទងសួរនាំទៅខាងលោកឧកញ៉ា សេង ឈុនឡេង ដោយផ្ទាល់ តែខាងភ្នាក់ងារយើងទាក់ទងជាច្រើនលើកច្រើនសារ អត់មានអ្នកទទួល ព្រោះបិទទូរស័ព្ទ ។

ចំណែកមេការម្នាក់ទៀត បានអះអាងថា សណ្ឋាគារខាងលើ បានជួលទៅឱ្យជនជាតិចិនអស់ហើយ ដូច្នេះសូមឱ្យទាក់ទងទៅខាងចិន ដើម្បីឱ្យរៀបចំកន្លែងរបស់ខ្លួនឱ្យបានត្រឹមត្រូវ ៕

ដោយ៖ សុនហៃ (Yuth)