មិននឹកស្មានថាតារាចម្រៀង យូរី ដាច់ចិត្តធ្វើរឿងមួយដូច ខេមរៈ សិរីមន្ត ដែរសោះ…

មិននឹកស្មានថា ទើបតែលេចឮពីការផុតកុងត្រាក្នុងទ្រនំចាស់ សាន់ដេ បានមិនប៉ុន្មានខែផង ស្រាប់តែតារាចម្រៀងសាច់សខ្ចី ក្មេងវ័យ សម្លេងស្រួយ ពូកែបញ្ចេញក្បាច់រាំប្លែកៗ យូរី បង្ហាញមុខនិងចេញបទថ្មីក្នុងផលិតកម្មយក្សរស្មីហង្សមាសភ្លែត​ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រតែម្ដង។

ម្ចាស់បទ “ចាក់ទឹក

ដូង” រូបនេះ ក្រោយពីរើទ្រនំចេញពីផលិតកម្ម សាន់ដេ ដែលធ្លាប់ស្ទួយកេរ្តិ៍ឈ្មោះនាងឱ្យល្បីល្បាញអស់ជាច្រើនឆ្នាំមកនេះ គេមើលឃើញថា​នាងក៏មិនខុសគ្នាប៉ុន្មានពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលរើចេញពី សាន់ដេ ហើយមកជ្រកក្រោមដំបូលផលិតកម្មយក្សរស្មីហង្សមាសដូចគ្នា។ មិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌ពីអ្នកសិល្បៈស្និទ្ធស្នាលបានឱ្យដឹងថា មិនមែនមានតែកញ្ញា យូរី ម្នាក់ប៉ុណ្ណោះទេដែលបង្ហាញខ្លួនក្នុងផលិតកម្មថ្មីនោះ តែគឺមានរូបលោក ខាន់ ជេមស៍ ម្នាក់ទៀត ដែលត្រៀមនឹងបង្ហាញវត្តមានជាមួយនឹងកញ្ញា យូរី ឆាប់ៗនេះ។ ងាកមកកញ្ញា យូរី វិញ គេឃើញថាក្រោយពីចូលក្នុងផលិតកម្មយក្សដែលប្រមូលផ្ដុំទៅដោយកំពូលតារាល្បីៗលំដាប់ប្រទេសរួចមក នាងក៏បានចេញបទថ្មីមួយបទដែរ ដើម្បីភ្ជាប់ចំណងដៃជាមួយអ្នកគាំទ្រនិង ផលិតកម្ម នោះគឺបទ “ផាំងៗ” ជាចង្វាក់ញាក់កន្ទ្រាក់អារម្មណ៍ដែលជាជំនាញប្រចាំត្រកូលរបស់នាង។

ជាជំហានដំបូងនេះ យើងមិនទាន់អាចសន្និដ្ឋានបានទេ ថាតើតារាស្រីវ័យក្មេងម្នាក់នេះ អាចមានសមត្ថភាពច្បាមយកប្រជាប្រិយភាពខ្លាំងដូចគ្រានៅផលិតកម្មចាស់ឬយ៉ាងណានោះឡើយ ព្រោះថាក្រៅពីមានសំនៀងល្អហើយនោះ នាងក៏ត្រូវតែហ្វឹកហាត់សមត្ថភាពផ្នែករាំ និងការរៀបចំខ្លួនបន្ថែមទៀតទើបអាចលេចឈ្មោះក្នុងចំណោមហង្សចាស់វស្សាក្នុងផលិតកម្មយក្សមួយនេះបាន។ ចំពោះរឿងរ៉ាវស្នេហា ម្ចាស់បទ “រងារ” រូបនេះ មិនទាន់បង្ហាញពីមុខមាត់បុរសដែលជាគូស្នេហ៍ឱ្យមហាជនបានស្គាល់នៅឡើយ បើទោះបីជាកន្លងមកមានព័ត៌មានខ្សិបខ្សៀវថានាងមានមនុស្សជាច្រើនតាមស្អំបេះដូង ហើយនាងបានជ្រើសយកម្នាក់ក្នុងចំណោមនោះមកកៀកកើយផ្អែកស្មាដោយសន្យានឹងដឹកដៃគ្នាចូលរោងការហើយក៏ដោយ៕

ដោយ៖ ភូមិន្ទ