អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ រក​ឃើញ​សារធាតុ​គីមី បូ​រ៉ា​ក់ លើ​ងៀត​បបែល និង​ពពុះសណ្តែក នៅ​ផ្សារ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប

(ខេត្តស្វាយរៀង) ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ មន្ត្រី​សាខា (​ក​.​ប​.​ប​) ខេត្តស្វាយរៀង ដោយ​មានការ​សហការ​ពី​មន្ទីរ​ពាណិជ្ជ​ខេត្ត និង​គណកម្មការ​ផ្សារ បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ បរិភោគ នៅ​ផ្សារ​ប្រ​សូត្រ ស្ថិត​ក្នុងស្រុក​ស្វាយ​ទាន ខេត្តស្វាយរៀង ។

ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​វិភាគ​បឋម ទៅ​លើ​គំរូ​ម្ហូបអាហារ​ចំនួន ៣២​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​របស់​ទំនិញ​នៅ​លើ​សម្បក​វេច​ខ្ចប់​ផង​ដែរ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ទំនិញ​មួយ​ចំនួន មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ បូ​រ៉ា​ក់ (Borax) រួម​មាន ៖
ទី​១- ងៀត​បបែល ចំនួន ៩​គីឡូក្រាម និង​ទី​២- ពពុះសណ្តែក ចំនួន ៥​គីឡូក្រាម​។

បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ផលិតផល​ទាំងនោះ មក​រក្សា​ទុក​ដើម្បី​ដុត​កម្ទេច​ចោល នា​ពេល​ក្រោយ​តាម​នីតិវិធី ។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេង​ទៀត ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕

សម្រួលអត្ថបទ ៖ S.T