ឈើធ្នង់ដ៏កម្រប្រវែង៩ម៉ែត្រ ត្រូវអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់បានពេលឈ្មួញវៀតណាម ដឹកតាមទូកបម្រុងយកទៅលក់

ស្ទឹងត្រែង៖ ឈើធ្នង់ទំហំមុខកាត់៧០ និងប្រវែង៩ម៉ែត្រ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង តាមចាប់បាននៅចំណុចភូមិព្រះបាទ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខណៈពេលឈ្នួញវៀតណាម ដឹកតាមទូកបម្រុងយកទៅលក់។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះថា កម្លាំងរបស់លោក បានឃាត់ទូកដឹកឈើជនជាតិ វៀតណាម (ប្រភេទ ឈើប្រណិតធ្នង់) ឈើមួយដើមទំហំ មុខ៧០ ប្រវែង៩ម៉ែត្រ ដែលឈើ នេះមិនមានទៀតទេក្នុងស្រុក។

បើតាមលោកមេបញ្ជាការ ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរបស់បានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ហើយត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា សម្រាប់ប្រតិបត្តិការនេះ ត្រូវបានលោកមេបញ្ជាការអាវុធហត្ថខេត្ត បញ្ជាក់ថា ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបញ្ជាឲ្យកម្លាំងអាវុធហត្ថ ត្រូវខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងនៅក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង៕