រូបចម្លាក់សាសនា មានអាយុកាលរាប់រយឆ្នាំនៅលើភ្នំបាសិទ្ធ ត្រូវបានវាយបំផ្លាញ, សមត្ថកិច្ច ចាប់វ៉ៃខ្នោះ២នាក់

(កណ្តាល)៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនា នូវទីតាំងបូជនីយដ្ឋានសាសនា ឬ បូជនីយដ្ឋានវត្ថុក្នុងព្រះពុទ្ធសាសនាកាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹកនៅចំណុចលើភ្នំបាសិទ្ធ ក្នុងបរិវេណវត្តបាសិទ្ធត្រៃយត្រឹង្ស ភូមិតាពិជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចនិយាយថា ជនសង្ស័យ០២នាក់ដែលបានឃាត់ខ្លួនរួមមាន ១-ឈ្មោះគង់ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិបាក់រនាស់ ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិព្រៃពង្រ សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ ជាជនដៃដល់ និង២-ឈ្មោះប៊ិន សុភា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌ សែនសុខ ជាអ្នកបើកបរ។

សម្ភារៈចាប់យករួមមាន រថយន្តម៉ាក LEXUS ពណ៌ប្រផេះផលិតឆ្នាំ២០០៣ ផ្លាកលេខ 2AV 9545។ ដោយឡែក រូបសំណាក់ព្រះនាងគ្រប់លក្ខ័មួយ រូបសំណាក់ព្រះនាងពៅមួយ រូបសំណាក់កុមារពេជ្រមួយ រូបសំណាក់ព្រះអង្គចេកមួយ ព្រះក្លស្សបី ផើងផ្កាមួយ ពាងពីរ បង្គោលសូឡាមួយ គ្រឿងសក្ការៈដូចជាបាយសីផ្កាភ្ញីមួយចំនួន  រូបសំណាក់ព្រះនាងទេពប្រណម្យបួន  រូបសំណាកក្បាលនាគពីរ អាស្រមអ្នកតាមួយ និង ១៣- របាដែកទ្វាព្រះវិហារ ០២ រងការខូចខាត។

សមត្ថកិច្ចបន្តថា ដំបូងមានឈ្មោះ សូត្រ ស៊ីម ភេទប្រុស អាយុ ៦៦ ឆ្នាំ មុខងារជា
មន្រ្តីវប្បធម៌អភិរក្សភ្នំបាសិទ្ធ បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ឃុំឈ្វាំង ថា «មានជនសង្ស័យ០២នាក់បានជិះរថយន្តម៉ាក LUXUS ពណ៌ប្រផេះ ផលិតឆ្នាំ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV-9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណវត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាពធាក់ទ្វារព្រះវិហារ បណ្តាលឱ្យបាក់របាទ្វារ»។

បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ព្រះនាងទេពប្រណម្យ០៤ និង ខ្ទមអ្នកតា០១ រួចចុះតាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២) បំបាក់ចោល ។ ក្រោយមកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន រូបសំណាកស្រីគ្រប់លក្ខ័០១, រូបសំណាកព្រះនាងពៅ១, រួបសំណាកកុមារពេជ្រ០១,រូបសំណាក
ព្រះអង្គចេក០១ និងគ្រឿងសក្ការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោលហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍ឈ្វាំង សហការជាមួយកម្លាំងប៉ូលិសផ្នែកយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើររថយន្ត បញ្ជូនមកអធិការដ្ឋានស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ដោយ៖ភាវុន

សម្រួលផ្សាយ៖ Micheal