គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ ត្រូវ​បានពលរដ្ឋប្រទះឃើញ​នៅ​នឹង​ដីស្រែ បន្ទាប់ទឹកស្រក នៅ​​ស្វាយចេក

(បន្ទាយមានជ័យ) ៖ នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក បន្ទាប់ពីទឹកស្រក ប្រជាពលរដ្ឋប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ ដែលស្ថិតនៅដីស្រែរបស់ពលរដ្ឋ។

ចំពោះករណីនេះដែរ អធិការ​នគរបាល​ ស្រុក​ស្វាយចេក លោក​វរសេនីយ៍ឯក​ ជា ស្លូញ  បាន​ឲ្យ​ដឹង​ថា៖ ​ប្រជាពលរដ្ឋ​ដែល បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឈ្មោះ ប៉ុក គា ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុន​ពេល​ឃើញ​គ្រាប់​នោះ ​ប្រជាពលរដ្ឋ​បាន​ទៅ​ស្រែ ​ក៏​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ ប្រភេទ​៨២​មី​លី​ម៉ែត្រ នៅ​នឹង​ដីស្រែ​របស់​គាត់ ​ស្ថិតនៅ​ខាងត្បូង​ភូមិ​ដីឡូត៍​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក បន្ទាប់មក​គាត់​បាន​រាយការណ៍ ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្លក្រាម។​

អធិការ​នគរបាល​ ស្រុក​ស្វាយចេកបាន​បញ្ជាក់​ថា៖ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្លក្រាម បាន​ចុះ​ទៅពិនិត្យ​នៅ​កន្លែង​ឃើញ​គ្រាប់​នោះ ​មាន​សភាព​ច្រែះ​១ ក្នុង​នោះ​មាន​១​គ្រាប់​នៅ​កប់​នឹង​ទឹក។ លោក​អធិការ​ ​បាន​រាយការណ៍​បន្ត​ទៅ​អង្គភាព​ហេ​ឡូ​ត្រា​សដ៍ ដើម្បី​មាន​វិធានការណ៍​។

បន្ទាប់ពីយកបាន ​អង្គភាព​ហេ​ឡូ​ត្រា​សដ៍​ បាន​ធ្វើ​ការបំផ្លាញ​ចោល​១​គ្រាប់​នៅ​នឹង​កន្លែង​និង​នៅសល់​១​គ្រាប់​ ដែល​នៅ​កប់​ភក់​មាន​ទឹក​មិន​អាច​ធ្វើការ​កម្ទេច​ចោល​បាន​ រង់ចាំ​ទឹក​រីង​អស់​សិន​ទើប​មាន​វិធានការណ៍​កម្ទេច​ចោល តែ​ក៏បាន​ដាក់​ដោត​បង្គោល​ដាក់​ផ្លាក​សញ្ញា​និង​គម្រប់​សុវត្ថិភាព​មិន​ឲ្យ​មាន​មនុស្ស​ទៅ​ប៉ះពាល់​ ផង​ដែរ៕

សម្រួលអត្ថ​បទ ៖​ S.T