អភិបាលខេត្តស្វាយរៀង ដាក់វិធានការ៦ចំណុចដល់កម្លាំងសមត្ថកិច្ចការពារសន្តិសុខជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបាន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានប្រកាសចេញនូវវិធានការសំខាន់ៗ ៦ចំណុច ដល់កងកម្លាំងសមត្ថកិច្ចពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

សម្ភាៈគ្រឿងឧបគោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ និងលោកស្រីនិង​លោក​ ម៉ែន​ វិបុល​ អភិបាលខេត្ត​ស្វាយរៀង​ និងលោកស្រីនាឱកាសនោះរួម មាន៖ អង្ករចំនួន ១១៤ បាវ , ទឹកក្រូច ចំនួន ២៦៥ កេស មី ១២៥ កេស ទឹកត្រី ១១៤ យួរ និង ស៊ីអ៊ីវ ចំនួន ១១៤ យួរ ។

នាឱកាសបុណ្យចូលឆ្នាំថ្មី និងស្របពេលដែលខេត្តស្វាយរៀង រៀបចំនូវកម្មវិធីសង្ក្រាន្តស្វាយរៀង លោកអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗចំនួន ៦ចំណុច រួមមាន៖

១៖គ្រប់ជំនាញទាំងអស់ដែលឈរជើងគ្រប់គោលដៅ និងអធិការក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាល ឃុំសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ​, ២៖ កងកម្លាំងទាំងអស់អាចឈប់សម្រាកបានមុនថ្ងៃចូលឆ្នាំមកដល់ ឬក្រោយចូលឆ្នាំ ប៉ុន្តែថ្ងៃចូលឆ្នាំត្រូវប្រមូលផ្តុំកម្លាំងសរុបការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អគ្រប់មូលដ្ឋាននៃខេត្តស្វាយរៀង, ៣៖ ប្រធាន អនុប្រធានការពារសន្តិសុខ សុវត្ថិភាព ថ្ងៃសង្ក្រាន្តត្រូវពង្រឹងឱ្យបានតឹងរឹងបំផុតដើម្បីត្រៀមលក្ខណៈពិនិត្យគ្រប់មុខសញ្ញាទាំងអស់ដែលចូលក្នុងខេត្តស្វាយរៀង និងចាត់វិធានការភ្លាមៗចំពោះជនទាំងនោះ, ៤៖ ត្រូវបន្តផ្សព្វផ្សាយព័ត៌មាននៅក្នុងផេកហ្វេសបុកស្នងការខេត្ត ឬតាមប្រពន្ធផ្សព្វផ្សាយផ្សេងៗ អំពីការការពារសុវត្ថិភាព ក៏ដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងការផ្តល់ព័ត៌មានត្រឡប់មកដល់កងកម្លាំងភ្នាមៗ ដើម្បីចាត់វិធានការទាន់ពេលវេលា, ៥៖ កម្លាំងនៅតាមមូលដ្ឋានត្រូវឈរជើងគ្រប់គោលដៅសំខាន់ៗ ដូចជា វត្តអារាម និងទីប្រជុំជនជាដើម, ៦៖ ត្រូវបង្កើនបង្គោលដៅបន្ថែមទៀតក្នុងការងារចរាចរណ៍ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។

គួររំលឹកផងដែរ នេះមិនមែនជាលើកទី ១ ទេ ដែលថ្នាក់ដឹកនាំ តែងតែមានការយកចិត្តទុកដាក់ដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ធ្វើការចែកជូនអំណោយជារៀងរាល់ឆ្នាំ ក្រោមការផ្តួចផ្តើមពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង៕