ជនសង្ស័យ៦នាក់ នៅភ្នំពេញ ចេញទៅធ្វើសកម្មភាពឆក់នៅបាត់ដំបង មកជាប់អន្ទាក់សមត្ថកិច្ចស្រុកមោងឫស្សី 

(បាត់ដំបង)៖ បើតាមសេចក្តីរាយការណ៏ពីសម្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យចំនួន៦នាក់ មកពីរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការបង្រ្កាប និងឃាត់ខ្លួនបាន ខណៈដែលក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពពីសម្ថកិច្ចមូលដ្ធានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២០ថា ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង ១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយជនសង័្សយប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿង មានមនុស្សចំនួន ០៦នាក់ ធ្វើសកម្មភាព ឆក់យកប្រាក់ របស់ប្រជាពល រដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សី ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះ កំពុងធ្វើដំណើរនៅលើផ្លូវជាតិ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួនបានក្រុមជនសង័្សយខាងលើភ្លាមៗ ព្រមទាំងដកហូត បានសម្ភារៈនឹងវត្ថុតាងមួយចំនួន។

ជនសង្ស័យ ដែលកម្លាំងបង្ក្រាបបាន រួមមាន៖ ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមានទី លំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន សុខ រាជធានីភ្នំពេញ, ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំមាហនទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ ធានីភ្នំពេញ, ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ និង ឈ្មោះ រតនាវិសាលសិដ្ឋភេទប្រុសអាយុ ១៥ ឆ្នាំមានទីលំនៅភូមិគោកឃ្នាងសង្កាត់គោកឃ្នាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

ដោយឡែកសម្ភារ ដែលដកហូតបាន៖ ប្រាក់រៀលចំនួន១.៥0០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) ម៉ូតូចំនួន០៣ គ្រឿង ទូរស័ព្ទ ដៃចំនួន០២គ្រឿង ខ្សែដៃកាឡៃចំនួន០១ខ្សែ ខ្សែកផ្លាកទីនចំនួន ០១ ខ្សែ  និងចិញ្ចៀនផ្លាកទីន ចំនួន ០១ វង់។

គួរបញ្ជាក់ដែរថាលោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ក្រុមជនសង័្សយខាងលើនេះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ទៅ កាន់ខេត្តសៀមរាប ។ ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមគេបានធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិ ពីអ្នកធ្វើដំណើរតាមដងផ្លូវដែលក្នុង នោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន ៧០០.០០០រៀល (ចិតសិបម៉ឺនរៀល) ពីជនរង គ្រោះភេទស្រីម្នាក់នៅចំណុចស្នាមព្រះភូមិសាស្រ្ត ខេត្តពោធិសាត់ លុះមកដល់ភូមិសាស្រ្តខេត្ត បាត់ដំបងពួកគេបានធ្វើសកម្មភាពទៀត តែត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបបាន។

លោកអធិការបានបញ្ជាក់បន្ថែមថា នៅពេលនេះសមត្ថកិច្ចនគរបាលស្រុក បានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាងមកកាន់ការិយាល័យជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ហើយ៕

ដោយ៖ប៊ុនថេត

សម្រួលផ្សាយ៖ Micheal