បង្ហាញខ្សែជីវិតតារាចម្រៀង ប៊ុន សក្ដិ ក្រោយស្ងាត់បាត់ឈឹងពីសិល្បៈ​

ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបរួចមកហើយថា លោក ប៊ុន សក្ដិ គឺជាអតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្ម សាន់ដេ។ លោកធ្លាប់បានសាងភាពល្បីល្បាញតាមរយៈចម្រៀងមួយបទមានចំណងជើងថា “ជិះក្របី”។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍និងជាចម្ងល់សម្រាប់មហាជននិងអ្នកគាំទ្រនោះគឺចាប់តាំងពីអំឡុងឆ្នាំ ២០១៦ មកគេកម្រឃើញវត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះចេញមុខនៅក្នុងពិភពសិល្បៈណាស់។ ការនេះទើបធ្វើឲ្យអ្នកគាំទ្រចង់ដឹង ថាតើលោកបាត់វត្តមានទៅណា ឬក៏លោកទៅសាងសុភមង្គលគ្រួសារនៅឯនាយសមុទ្របាត់ទៅហើយ? ដើម្បីឱ្យអស់ចម្ងល់ Sky Brother Media នឹងបង្ហាញពីខ្សែជីវិតត្រួសៗរបស់លោក ប៊ុន សក្ដិ ជូនលោកអ្នក៖

គ្រាដែលស្ងាត់បាត់ឈឹងពីសិល្បៈ តាមពិតទៅតារាចម្រៀងរូបនេះមិនបានទៅរស់នៅឯណាឆ្ងាយពីទឹកដីកំណើតនោះទេ ពោលគឺលោកគ្រាន់តែរៀបចំសាងសុភមង្គលគ្រួសារ ហើយឈប់រវល់ជាមួយនឹងសិល្បៈតែប៉ុណ្ណោះ។ គេនៅចាំបានថា លោក ប៊ុន សក្ដិ បានរៀបអាពាហ៍ពិពាហ៍កាលពីដើមខែ មេសា ឆ្នាំ ២០១៦ កន្លងទៅនេះ។ ក្រោយពេលរៀបការលោកក៏បានសន្យាថានឹងមិនបោះបង់ចោលសិល្បៈឡើយ ប៉ុន្តែធាតុពិតគឺផ្ទុយស្រឡះ។ អ្វីដែលគួរឱ្យក្ដុកក្ដួលនៅក្នុងរង្វង់គ្រួសារតារាចម្រៀងសម្បុរស្រអែមរូបនេះគឺ ការបាត់បង់ឪពុកម្ដាយដែលជាអ្នកមានគុណដ៏ធំធេងរបស់លោក ព្រោះថា កាលពីជាងដប់ឆ្នាំមុន លោកឪពុករបស់លោកបានទទួមរណភាពដោយសារជំងឺមហារីក ហើយអ្វីដែលលោកមិនអាចទទួលយកបាននោះគឺអ្នកម្ដាយរបស់លោកក៏ទើបតែទទួលមរណភាពថ្មោងថ្មីនេះដោយសារជំងឺមហារីកដូចគ្នា។ ចំពោះការងារក្រៅពីវិស័យសិល្បៈ លោក ប៊ុន សក្ដិ ត្រូវបានគេដឹងថាមានការងារក្នុងជួរមន្រ្តីរាជការ ដោយរូបលោកគឺជាអង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកិតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ។

យ៉ាងណាមិញ ក្រោយមរណភាពអ្នកម្ដាយកាលពីអំឡុងខែ តុលា ឆ្នាំ ២០២០ នេះ នៅក្នុងគណនីហ្វេសប៊ុករបស់លោក កំពុងតែបង្ហាញពីការកាន់នូវមរណទុក្ខនេះនៅឡើយ។ ដូច្នេះ ព័ត៌មានជាបឋមនេះ យើងមិនទា់ដឹងថាតើលោកនឹងវិលចូលវិស័យសិល្បៈវិញឬយ៉ាងណានោះឡើយ ខណៈដែលវ័យរបស់លោកក៏កាន់តែជ្រេទៅមុខ ហើយមហាជនក៏ចង់ភ្លេចមុខលោកបាត់ទៅហើយនោះ៕

ដោយ៖ ភូមិន្ទ