បង្ហាញខ្សែជីវិតលោក សារុន កល្យាណ ហៅ Jimmy Kiss និងលោក វ័រ សារុន ជាឪពុក ក្រោយស្ងាត់ពីសិល្បៈ

មហាជនប្រហែលជាស្គាល់ហើយនូវអ្នកចម្រៀង Jimmy Kiss មាននាមដើមថា សារុន កល្យាណ ល្បីឈ្មោះឡើងដល់កំពូលតាមរយៈបទ “Baby I’m sorry” ។ ប៉ុន្តែ អ្នកគាំទ្រមួយចំនួនប្រហែលជាមិនជ្រាបឡើយថាអ្នកចម្រៀងសក់រួញអង្គារដីរូបនេះគឺជាកូនអ្នកសិល្បៈជើងចាស់នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០គឺ លោក វ័រ សារុន ម្ចាស់បទ “ម៉ាក់ស៊ីនារីថ្មី” នោះ។

ជួបជាមួយ Sky Brother Media កាលពីពេលថ្មីៗនេះលោក សារុន កល្យាណ កូនប្រុសពៅរបស់អ្នកចម្រៀងល្បីឈ្មោះដែលរស់រានមានជីវិតពីរបបខ្មែរក្រហមរូបនេះបានឱ្យដឹងថា ដោយហេតុថាឪពុកលោកជាអ្នកចម្រៀង ជាមនុស្សចូលចិត្តតន្រ្តី ស្ងប់ស្ងាត់និងសន្ដិភាព ទើបលោកកាត់តាមឪពុក។ លោកថា បទចម្រៀង ក៏ដូចជាបច្ចេកទេសក្នុងការច្រៀងមួយចំនួនគឺជាការបង្ហាត់បង្ហាញពីឪពុករបស់លោកផ្ទាល់ ។

អ្នកចម្រៀងដែលចូលចិត្តដំណើរផ្សងព្រេងបែបព្រៃភ្នំក្រំថ្មរូបនេះបានឱ្យដឹងថា មួយរយៈចុងក្រោយនេះលោកនិងឪពុកបាននិពន្ធទំនុកច្រៀង និងបទភ្លេងរួមគ្នាជាច្រើនបទ ហើយក៏អាចចេញបទចម្រៀងរួមគ្នាពីរនាក់ឪពុកកូននៅថ្ងៃណាមួយផងដែរ។ ប៉ុន្តែលោកថា លោកគ្មានគំរោងជាក់លាក់ថានឹងចេញក្នុងពេលណានោះឡើយ។ ចំពោះ ជីវភាពរស់នៅរបស់ឪពុក កូន ជាអ្នកសិល្បៈតជំនាន់នេះ លោកបន្ដឱ្យដឹងថា សព្វថ្ងៃក្រៅពីអាជីពសិល្បៈ គឺលោកមានដីចំការមួយកន្លែងនៅម្ដុំឧទ្យានជាតិគិរីរម្យ ជាកន្លែងដែលលោកប្រាថ្នារស់នៅផ្សារភ្ជាប់ជីវិតជាមួយនឹងធម្មជាតិ។ លោកថា ចំពោះឪពុករបស់លោកភាគច្រើនគឺរស់នៅឯសហរដ្ឋអាមេរិក ដោយឡើងចុះមកទឹកដីកំណើតម្ដងម្កាល ហើយប្រើប្រាស់ជីវិតបែបជាអ្នកចំការព្រៃភ្នំដូចលោកដែរ។នៅពេលណានោះឡើយ។

ខុសគ្នាឆ្ងាយបន្ដិចពីអ្នកសិល្បៈមួយចំនួនដែលចូលចិត្តសម្ញែងសម្ភារនិយម តារាមាឌធំដំបងស្រអែមស្រស់រូបនេះបានឱ្យដឹងថា អត្ថន័យនៃជីវិតសម្រាប់លោកគឺជាការចេញចាកឆ្ងាយពីការប្រកួតប្រជែងបែបមិនថ្លៃថ្នូរ មានម្ហូបអាហារ សម្លៀកបំពាក់គ្រប់គ្រាន់ រស់នៅក្នុងជីវភាពមួយទទួលបានពីទេពកោសល្យ និងក្ដីស្រឡាញ់ដែលខ្លួនមាន ហើយមិនដើម្បីប្រកួតប្រជែងជាមួយអ្នកណាម្នាក់នោះឡើយ។ គួរបញ្ជាក់ឱ្យដឹងថា លោក វ័រ សារុន គឺជាអ្នកចម្រៀង​ជើង​ចាស់​ដែល​ល្បី​ល្បាញ​តាម​រយៈ​បទ “ម៉ាក់ស៊ីនារីថ្មី” និង​បទ​ “ញៀនបារី”។ បច្ចុប្បន្នលោកមានវ័យ ៧៣ ឆ្នាំ និងមានកូនប្រុសស្រីបីនាក់ ហើយកូនប្រុសពៅគឺលោក សារុន កល្យាណ ឬ Jimmy Kiss ។ ចំណែកលោក សារុន កល្យាណ ក៏បានរៀបការកាលពីឆ្នាំ ២០១៧ និង មានកូនប្រុសម្នាក់ផងដែរ៕

ដោយ៖ ភូមិន្ទ