ឥណ្ឌា អាមេរិក ជប៉ុន អូស្ត្រាលី ធ្វើសមយុទ្ធកងនាវាចរឡើងវិញ

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា កងទ័ពជើងទឹកឥណ្ឌា សហរដ្ឋអាមេរិក អូស្រ្តាលី និង ជប៉ុនបានធ្វើសមយុទ្ធ កាលពីថ្ងៃអង្គារ ១៧ វិច្ឆិកា នៅសមុទ្រអារ៉ាប់ខាងជើង ក្នុងដំណាក់កាលទី២ នៃសមយុទ្ធកងទ័ពជើងទឹក ដែលត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាក់តំបន់ ដើម្បីប្រឆាំងនឹងការអះអាងរបស់ចិន ដែលកំពុងតែកើនឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ក្រសួងការពារជាតិរបស់ប្រទេស ឥណ្ឌាបាននិយាយថា សមយុទ្ធកងនាវាចរ Malabar បានគូសបញ្ជាក់ នូវការពង្រឹងនូវទស្សនៈរួមគ្នា ក្នុងចំណោមប្រទេសប្រជាធិបតេយ្យរស់រវើកទាំងបួន ស្តីពីបញ្ហាសមុទ្រ។ នេះជាលើកទី២ ហើយដែលប្រទេសទាំងបួន ដែលជាក្រុមក្រៅផ្លូវការមួយមានឈ្មោះថា Quad បានចូលរួមក្នុងសមយុទ្ធយោធារួមមួយនេះ។ ការធ្វើសមយុទ្ធដំណាក់កាលទី១ បានធ្វើឡើងនៅថ្ងៃទី៣-៦ ខែវិច្ឆិកានៅឈូងសមុទ្រBengal។

ក្រសួងដដែលខាងលើ បានបន្តថា តំណាក់កាលនេះមានប្រតិបត្ដិការផ្តោតលើក្រុម ប្រយុទ្ធនៃនាវាដឹកនាវាឈ្មោះ Vikramaditya របស់កងទ័ពជើងទឹកឥណ្ឌា និងក្រុមវាយប្រហារនាវាដឹកនាវាឈ្មោះ Nimitz របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ នាវាចំបាំងអូស្ត្រាលីឈ្មោះ Ballarat នាវាពិឃាត Murasame របស់ជប៉ុន និងនាវាមុជទឹក និងយន្តហោះក៏ចូល រួមក្នុងសមយុទ្ធនេះដែរ។

ប្រទេសឥណ្ឌា បានជាប់គាំងអស់រយៈពេលជាច្រើនខែ នៅក្នុងការប្រឈមមុខផ្នែកយោធា ជាមួយប្រទេសចិននៅតាមព្រំដែន ដែលមានជម្លោះរបស់ពួកគេ។

ក្រុមអ្នកវិភាគនិយាយថា សង្ឃឹមថាសមយុទ្ធនេះនឹងដើរតួជាកម្លាំងកំញើញប្រឆាំងទីក្រុងប៉េកាំង។

គួរម្លឹកផងដែរថា សមយុទ្ធ Malabar នេះបានចាប់ផ្តើមនៅឆ្នាំ១៩៩២ ជាសមយុទ្ធទ្វេភាគីរវាងកងទ័ពជើងទឹកឥណ្ឌា និងអាមេរិក។ ប្រទេស ជប៉ុនបានចូលរួមនៅក្នុងឆ្នាំ២០១៥។ នៅឆ្នាំនេះកងទ័ពជើងទឹកអូស្ត្រាលី កំពុងចូលរួមជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៧៕

ដោយ៖ សារីទ្ធ

សម្រួលផ្សាយ៖ Micheal