ប្រធានាធិបតីចិន នឹងលេចធ្លោក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ពេលអវត្តមានលោក Trump

(អន្តរជាតិ)​៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ដោយទើបទទួលបានជោគជ័យថ្មីៗពីការបង្កើតតំបន់ពាណិជ្ជកម្ម សេរីធំជាងគេបំផុត នៅលើពិភពលោក ប្រធា នាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នឹងស្ថិតនៅក្នុងចំណោមវាគ្មិននៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពេល ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចចិត្តមិនចូលរួម។

កាលពីសប្តាហ៍មុន ប្រទេសចំនួន១៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP ហើយកិច្ចព្រមព្រៀង ដែលគាំទ្រដោយប្រទេសចិន ដែលមិនរាប់បញ្ចូលសហរដ្ឋអាមេរិក នឹងជាប្រធានបទយ៉ាងសំខាន់នៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី។ សមាជិកជាង១០ នៃសមាជិក២១ របស់ APEC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងRCEP។

ការអវត្តមានរបស់លោកTrump កើតឡើងបន្ទាប់ពីលោកត្រូវបានព្យាករណ៍ថា បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា តែលោកមិនទាន់បានទទួលស្គាល់ និងមិនបានចាប់ផ្តើមផ្ទេរអំណាចរដ្ឋាភិបាល ទៅឲ្យប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន (Joe Biden) នៅឡើយទេ។

កិច្ចប្រជុំកំពូល APEC តែមួយគត់ដែលលោកTrump បាន ចូលរួម គឺកិច្ចប្រជុំដែលរៀបចំឡើងដោយប្រទេសវៀតណាមក្នុងឆ្នាំ២០១៧។

សហរដ្ឋអាមេរិកមិនទាន់បានប្រកាសឈ្មោះប្រធានគណៈ ប្រតិភូសម្រាប់កិច្ចប្រជុំកំពូលនេះទេ ទោះជាលោក Stephen Bie gun អនុរដ្ឋមន្ត្រីការបរទេសបានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC កាលពីថ្ងៃច័ន្ទក៏ដោយ។

រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោក Azmin Ali បានទទួលស្គាល់កាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកមានការខ្វែងគំនិតគ្នាអំពី «កម្រិតនៃមហិច្ឆតា» សម្រាប់ចក្ខុវិស័យនិងវិធីសាស្រ្តរបស់ APEC ស្តីពីការធ្វើសមាហរណកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចពហុភាគី។

ប្រទេសចិនមានគោលជំហរផ្ទុយពីគេទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគ។ លោក ស៊ី ជីនពីង និងមេដឹកនាំសមាជិក APEC ផ្សេងទៀត គ្រោងនឹងថ្លែងនៅឯសន្និសីទសម្រាប់មេដឹកនាំដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ នៅមុនកិច្ចប្រជុំកំពូលនៅថ្ងៃ សុក្រ៕

ដោយ៖ សារីទ្ធ

សម្រួលផ្សាយ៖ Micheal