កងទ័ពរុស្ស៊ីបន្តដើរល្បាត តាមតំបន់មានជម្លោះ នៅព្រំដែនអាស៊ែបៃហ្សង់-អាមេនី

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពការពារសន្តិសុខរុស្ស៊ី កំពុងត្រួតពិនិត្យរាល់យានយន្តឆ្លងកាត់ច្រករបៀង Lachin ដែលនៅជាប់តំបន់អាស៊ែបៃហ្សង់ និង តំបន់ ណាហ្គូណូ ការ៉ាបាក់ (Nagorno-Karabakh) ជាមួយប្រទេស អាមេនី ដើម្បីឱ្យប្រាកដថាពួកគេមិនបានដឹកជញ្ជូន​សព្វាវុធ​ឆ្លង​កាត់ដើម្បីត្រៀមវាយប្រហារគ្នា។​

ប៉ូលិសយោធារុស្ស៊ី ក៏កំពុងដើរល្បាតតាមផ្លូវទាំងអស់ទៅ ទីក្រុង Stepanakert នៅព្រំដែនអាស៊ែបៃហ្សង់ ខណៈដែលការបើកផ្លូវតាមច្រករបៀង អនុញ្ញាត​ឱ្យប្រជាពលរដ្ឋដឹកទំនិញចេញចូលផ្សេងៗ ពីប្រទេសអាមីនៀ ទៅណាហ្គូណូ-ការ៉ាបាក់(Nagorno-Karabakh)។

កាលពីសប្តាហ៍មុន អាមេនី និងអាស៊ែបៃហ្សង់ បានចុះកិច្ចព្រមព្រៀងឈប់បាញ់គ្នា នៅតំបន់ ណាហ្គូណូ ការ៉ាបាក់ ក្រោមការសម្របសម្រួល របស់លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយបញ្ចប់សង្គ្រាម៦សប្តាហ៍នៅលើតំបន់ដែលមានជម្លោះ។

កិច្ចព្រមព្រៀងនេះ អាមេនី ជាអ្នកចាញ់ ដោយបាត់បង់ទឹកដី ប្រមាណ ២០% គ្រាដែលនាយករដ្ឋមន្ត្រីអាមេនី បាននិយាយថាជាកិច្ចព្រមព្រៀងដែលឈឺចាប់បំផុត ហើយគ្មានជម្រើសក្រៅពីយល់ព្រមចុះកិច្ចព្រមព្រៀងនេះ។

សូម្បីតែប្រធានាធិបតីសាធារណៈរដ្ឋ ណាហ្គូណូការ៉ាបាក់ ដែលចង់បានឯករាជ្យ ក៏លើកឡើងថា ប្រសិនបើនៅតែបន្តប្រយុទ្ធជាមួយអាស៊ែបៃហ្សង់ត​ទៅទៀត នោះតំបន់ការ៉ាបាក់ នឹងចាញ់ ហើយកងទ័ពអាស៊ែបៃហ្សង់នឹងចូលកាន់កាប់ទាំងស្រុង។ រុស្ស៊ីបានដាក់ពង្រាយ​កងកម្លាំងទ័ពពិសេស ចំនួន ១៩៦៤ នាក់ ដើម្បីរក្សាសន្តិភាពនៅតំបន់ការ៉ាបាក់៕

(ដោយ៖ ឡេង ដេត)