Trump មិនមានផែនការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល G7 ទេ

(អន្តរជាតិ)៖ ប្រភពពីការទូតចំនួន៣ បាននិយាយកាលពីថ្ងៃពុធ ១៨ វិច្ឆិកា ថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ មិនមានគម្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសជឿនលឿន (G7) បន្ទាប់ពីបានលុបចោលការប្រជុំមួយ នៅខែមិថុនាដោយសារតែជំងឺរាតត្បាតកូវីដ-១៩។

ប្រធានាធិបតី ដែលបានបដិសេធមិនទទួល ស្គាល់ជ័យជំនះ របស់បក្សប្រជាធិបតេយ្យ លោកចូបៃដិន នៅក្នុងការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកាមិនបានធ្វើការសម្រេចចិត្តចុងក្រោយទេ ប៉ុន្តែពេលវេលានឹងត្រូវរៀបចំសម្រាប់ កិច្ចប្រជុំកំពូលមួយមុនពេលដែលលោកនឹងប្រគល់អំណាចនៅថ្ងៃទី ២០ ខែមករាឆ្នាំក្រោយ។

ប្រភពការទូតចំនួន ៣ បាននិយាយថា មិនមានការផ្សព្វផ្សាយណាមួយពីសំណាក់រដ្ឋបាលលោក Trump អំពីកាលបរិច្ឆេទនិងរបៀបវារៈសម្រាប់កិច្ចប្រជុំកំពូល G7 ដែលអាចកើតមាននោះទេ។ សេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយ។

ប្រទេសអង់គ្លេស ដែលនឹងកាន់តំណែងជាប្រធានប្តូរវេន នៃប្រទេស G7 ពីសហរដ្ឋអាមេរិក នៅខែមករាកាលពីសប្តាហ៍មុនបានអបអរសាទរលោក Biden ចំពោះជ័យជម្នះរបស់លោក និងបានអញ្ជើញលោកទៅទស្សនកិច្ចអង់គ្លេស។

ប្រភពមួយបាននិយាយថា នៅក្នុងខែសីហាលោកត្រាំបាននិយាយថា លោកមានទំនោរធ្វើជាម្ចាស់ផ្ទះក្នុងបរិយាកាសស្ងប់ស្ងាត់បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ប៉ុន្តែមិនមានសកម្មភាពអ្វីត្រូវបានធ្វើឡើងនោះទេ។

លោក Trump ក៏បាននិយាយផងដែរថា លោកនឹងពង្រីកបញ្ជីអ្នកអញ្ជើញឱ្យចូលរួមរួមមានអូស្រ្តាលី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា ដោយច្រានចោល G7 ថា ជាក្រុមប្រទេសដែលហួសសម័យហើយ។

ប្រទេសរុស្ស៊ីត្រូវបានបណ្តេញចេញពីអ្វីដែលជាប្រទេស G8 កាលពីឆ្នាំ ២០១៤ នៅពេលដែលលោកបារ៉ាក់អូបាម៉ា ជាប្រធានាធិបតី បន្ទាប់ពីទីក្រុងមូស្គូបានបញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធរុស្ស៊ីពីអ៊ុយក្រែន។ ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន និងសហគមន៍អ៊ឺរ៉ុបចូលរួមផងដែរ។ ក្រុមនេះបានចាប់ផ្តើមប្រជុំនៅឆ្នាំ ១៩៧៥ ដោយគ្មានប្រទេសកាណាដា៕

ដោយ៖ សារីទ្ធ

សម្រួលផ្សាយ៖ Micheal