ប្រវត្តិនំអាចម៍ឆ្កែ ដែលកូនខ្មែរគួរយល់ដឹង

នៅពេលឮដល់ឈ្មោះនំមួយប្រភេទ ដែលតំបន់មួយចំនួនហៅថា នំអាចម៌ឆ្កែ យើងប្រហែលជាមានការអស់សំណើច ខ្ពើមរអើមនឹងឈ្មោះមួយនេះជាក់ជាមិនខាន។ ប៉ុន្តែ តើលោកអ្នកជ្រាបទេ នំអាចម៍ឆ្កែ ដែលអ្នកស្រុកក្នុងតំបន់មួយចំនួនតែងតែហៅនោះ វាគឺជានំលម្អងចេក ដ៏មានឱជារសឆ្ងាញ់ពិសានេះឯង។ ចំពោះមូលហេតុដែលធ្វើឱ្យគេហៅបែបនេះ គឺព្រោះតែវាមានរូបរាងដូចអាចម៍ឆ្កែដែលត្រូវកម្ដៅថ្ងៃ ហើយក្រៀម។

យោងតាមឯកសារស្រាវជ្រាវរបស់ព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ជាអ្នកស្រាវជ្រាវ និងចងក្រងសិល្បៈវប្បធម៌ខ្មែរ ដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានឱ្យដឹងថា នំលម្អងចេក ឬនំអាចម៍ឆ្កែនេះ វាមិនមែនជាការហៅដោយផ្អែកតែទៅលើរូបរាងនៃនំប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រវត្តិបែបជារឿងព្រេងនិទានដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។

មាន​តំណាលដោយសង្ខេបថា កាល​កន្លង​ទៅ​មាន​​វត្ត​មួយ​ទើប​កសាង​រួចមានលោក​គ្រូ​មេវត្តព្រះនាម​ដូង មាន​កូន​សិស្ស​កំលោះ​ម្នាក់​ឈ្មោះ ជីក និង​មាន​ឧបាសិកា​ម្នាក់​ជា​អ្នក​បម្រើ​ឈ្មោះ ង៉ែត ។ ពេល​មួយ អ្នក​ស្រុក​ស្រុះ​ស្រួល​បបួល​គ្នា​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​វត្ត​នោះ។ លុះ​ធ្វើ​បុណ្យ​រួច​ហើយ​លោក​អាចារ្យ​វត្ត ទូល​លោក​គ្រូ​មេវត្តថា “ទាន​ប្រោស​ប្រយ័ត្ន​សីមា ក្រែង​មាន​ចោរ​មក​លួច​គាស់​យក​របស់​មាន​តម្លៃ​ជា​ច្រើន​កប់​នៅ​ក្នុង​សីមាកិល ដូច​ជា​មាស​ប្រាក់​ជា​ដើម”។ ក្រោយពីលោកគ្រូមេវត្តសឹងយាមអស់ពេលមួយឆ្នាំមិនឃើញមានចោរត្បាញអាយណាមកលួចអ្វី ទើបលោក​គ្រូ​ក៏​ប្រគល់​ភារៈ​ដេក​យាម​សីមា​នេះ​ទៅ​ឲ្យ​កូន​សិស្ស​ឈ្មោះ ជីក ជា​អ្នក​ចាំ​ជំនួស។ អស់​រយៈ​ពេល ៦ ខែ ចៅ ជីក ខ្ជិល​គិត​តែ​ពី​ដេក ពុំ​រវល់​ដើរ​មើល​យាម​ល្បាត​អ្វី​ឡើយ។ លោក​គ្រូ​តែង​តែ​តើន​ស្ទើរ​រាល់​យប់​មក​លប​មើល​សីមា ហើយ​ឃើញ​មេ​ឆ្កែ​ខ្មៅ​មួយ​មក​ជុះ​អាចម៍​ដាក់​សីមា។

លោក​គ្រូ​ក៏​ស្ដី​បន្ទោស​ចៅជីក​ ដោយគំរាមវាយដំនិងឱ្យ ចៅជីកស៊ីអាចម៍ឆ្កែទាំងនោះ។ ​ចៅ ជីក ​ព្រួយ​បារម្ភ​ក៏​ទៅ​ផ្ទះ ហើយ​ប្រាប់​ម៉ែថា លោកគ្រូមេវត្តចង់​ឆាន់​នំ​លម្អង​រំចេក។ ម្ដាយ​ចៅ​ជីក ឮ​ដូច្នោះ​ហើយ​ក៏​រវៀសរវៃ​យក​អង្ករ​មក​បុក​លម្អិត​ឲ្យ​ម៉ដ្ឋ រក​ដូង រក​ស្ករ​មក​ធ្វើ​ស្នូល ធ្វើ​នំ​បាន​យ៉ាង​ឆាប់​រហ័ស ប្រគល់​ឲ្យ​កូន​យក​ទៅ​វត្ត ប្រគេន​លោក​គ្រូ​ឆាន់។ ឯ​ចៅជីក ក៏យក​នំនោះ​ទៅ​ដាក់​រាយ​គ្រប់​តែ​រណ្ដៅ​សីមា។ បន្តិច​ក្រោយ​មក​លោក​គ្រូ​ក៏​និមន្ត​មក​រវាំង​មើល​សីមា ក៏​ស្រាប់​តែ​ឃើញ​ដុំ​អ្វី​សៗ នៅ​គ្រប់​រណ្ដៅ។ លោក​គ្រូ​ហៅ​ចៅជីក​មក ហើយ​ស្ដី​បន្ទោសពីរឿងឆ្កែអាចម៍ដាក់សីមា ហើយគំរាមចៅជីកថា និង​ត្រូវ​រំពាត់​ផង ហើយ​ត្រូវ​ស៊ី​អាចម៍​ឆ្កែ​ឲ្យ​អស់​ផង។ ចៅ​ជីក​ធ្វើ​អាកប្បកិរិយា​ដូច​ខ្លាច​លោក​គ្រូ​ខ្លាំង​ណាស់។ វា​ក្រាប​ទៀប​ព្រះបាត​លោក​គ្រូ​លើក​ដៃ​ប្រណម្យ​ទាំង​ចង់​យំ​ផង ដោយ​ទូល​អង្វរ​លោក​ថា សូម​ព្រះតេជគុណ​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ​ព្រះករុណា​ផង សូម​គ្រាន់​តែ​ឲ្យ ខ្ញុំ​ព្រះករុណា​ស៊ី​អាចាម៍​ឆ្កែ​បាន​ហើយ សូម​ព្រះអង្គ​មេត្តា​ប្រោស​កុំ​វាយ​អី ! ថា​ដូច្នេះ​ហើយ​ចៅជីក​ក៏​ចាប់​នំនោះ ពម​ទំពា​លេប​តាំង​ពី​សីមា​ទីមួយ រហូត​ដល់​សីមា​ទី ៧ ។ ពេល​នោះ លោក​គ្រូ​សង្កេត​ឃើញ​ចៅជីក​ស៊ី​អាចម៍​ឆ្កែ​ហាក់​ដូច​ជា​ឆ្ងាញ់​ណាស់​ទើប​លោក​ឃាត់​វា​ថា “មើល​អាជីក ឈប់​ប៉ុណ្ណឹង​ហើយ ឲ្យ​អញ​ភ្លក់​បន្តិច​មើល !” ។ ចៅ​ជីក​ក៏​ប្រគេន​នំ​ពីរ ដែល​នៅ​សល់​ទៅ​លោក​គ្រូ។ លោក​ឆាន់​សាក​មើល ផ្អែម​ត្រូវ​មាត់​ក៏​សួរ​បញ្ជាក់​ទៅ​អាជីក​ថាៈ តើ​នេះ​ជា អាចម៍​ឆ្កែ​ណា​មួយ ? “អាជីក​ទូល​ថា” ទាន​ប្រោស ​នេះ​គឺ​អាចម៍​មេ​ខ្មៅ” ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​គ្រូ​លែង​ឲ្យ​អាជីក​ដេក​ចាំ​សីមា​ទៀត​ហើយ លោក​សឹង​ចាំ​ដោយ​ផ្ទាល់​ព្រះអង្គ ប្រាថ្នា​នឹង​ឆាន់​នំ​នោះ​ឲ្យ​ឆ្អែត​មែន​ទែន​តែ​ម្ដង។ ប៉ុន្តែព្រះអង្គ​សឹង​អស់​រយៈ​ពេល​មួយ​ឆ្នាំ​តែ​ពុំ​ដែល​ឃើញ​ឆ្កែ​ណា​មក​ជុះ​ទៀត​ឡើយ។ ឯ​ចៅ​ជីក ក៏​បាន​រួច​ខ្លួន​ ពី​ការ​ដេក​យាម​សីមា​ទៅ។ ចំណែក​ឯលោកគ្រូមេ​វត្តវិញ គឺ​នៅ​តែ​ទៅ​សឹង​ចាំ​សីមា​ជា​ដរាប ។

ផ្នែកតាមរឿងនិទាន និងរូបរាងនំដូច្នេះហើយ ទើបបានជាអ្នកស្រុកនៅតំបន់មួយចំនួនហៅនំនេះថាជានំអាចម៍ឆ្កែមកជាដរាប ក្នុងន័យលេងសើចផង និងក្នុងន័យដើម្បីរំលឹកដល់រឿងនិទានដែលបានកើតឡើងនេះផង។ ប៉ុន្តែ ទោះបីជាយ៉ាងណា កម្រងរឿងនិទាននេះក៏មិនបានសាយភាពទូទាំងប្រទេស ហើយអ្នកស្រុកមួយចំនួនក៏ប្រកាន់យកតែឈ្មោះថាជា នំលម្អងចេក ពុំដែលស្គាល់ពុំដែលដឹងថាគេហៅឈ្មោះមួយប្រភេទទៀតថាជានំ អាចម៍ឆ្កែនោះឡើយ៕

រូបភាពទាំងអស់ក្នុងអត្ថបទ គឺជារូបភាពតំណាង៖ ដោយ ភូមិន្ទ