ពិត​ជា​អស្ចារ្យ​មែន​! កង​ទ័ពជាង​២០០នាក់ នឹង​ដាក់​ចូល​ក្នុង​ពិធីការ ​នៃពិធី​រៀប​អភិសេក​របស់​ព្រះ​អង្គ​ម្ចាស់​ Harry

ខាង​វិមាន​ Kensington បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះ​អង្គ​ម្ចាស់​ Harry នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​នេះ​ ហើយ​លក្ខណៈ​ពិសេស​នៃ​ពិធី​ដ៏​អធឹកអធម​នេះ​ កង​កម្លាំង​ប្រដាប់​អាវុធនៃ​កង​ទ័ព​អង់គ្លេស​ ជាង ២០០នាក់ នឹង​ចូល​រួម​ក្នុង​ការងារ​ពិធីការ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ផង។

តាម​សេចក្តីថ្លែងការណ៍​ពី​វិមាន​នេះ​ ក៏​​បាន​បញ្ជាក់​ផង​ដែរ​ថា “កង​វរសេនា​តូច​ និង​អង្គភាព​ដែល​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ព្រះអង្គម្ចាស់​ Harry នឹង​មក​ផ្តល់​ការ​គាំទ្រ​នៅ​ឯ​ពិធី​អាពាហ៍ពិពាហ៍​នេះ​តែ​ម្ដង​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​តាម​រទេះ​រុញ​តាម​សំណើ​របស់​វិមាន​ Kensington​” ។

“សមាជិក​កង​កំលាំង​ប្រដាប់​អាវុធ​ជាង​ ២៥០ នាក់​នឹង​បំពេញ​កាតព្វកិច្ច​ក្នុង​ពិធីអាពាហ៍ពិពាហ៍​នេះ​។” នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ខាង​វិមាន​ Kensington ។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ឲ្យ​ដឹង​លម្អិត​នៃ​ការ​រៀប​ចំ​ពិធី​ដ៏​អស្ចារ្យ​នេះ​ ពី​ខាង​វិមាន Kensington ​!

ខណៈ​ពេល​ដែល​ Trumpeters និង​ Captain’s Escort ចាប់​ផ្ដើម​ប្រារព្ធ​ពិធី​​នោះ ​សមាជិក​នៃ​ទ័ព​សេះ​ក្នុង​គ្រួសារ​ត្រូវ​ឈរ​តម្រង់​ជួរ​តាម​ជណ្តើរ​នៅ​ព្រះ​វិហារ St. George’s Chapel ដែល​ជា​កន្លែង​ដែល​គូ​ស្វាមី​ភរិយា​ធ្វើ​ពិធី​មង្គល​។

ចំណែក​ឯ​អង្គភាព​ និង​កងទ័ព​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ Harry ដូចជា​ សមាជិក​កង​កម្លាំង​ឆ្មាំ​កាំ​ជណ្តើរ​ Windsor ចាប់​ពី​កង​វរសេនា​តូច​អៀរ​ឡង់​ទី​១​ កង​នាវា​ចរ​ កង​នាវាចរ​តូច​ៗ​ និង​​កង​នាវាចរ​មុជ​ទឹក​ កង​វរសេនា​ធំ​ទ័ព​អាកាស​ទាំង៣ កង​រាជអាវុធហត្ថ​រាជវង្ស​ និង RAF Honington គឺ​ត្រូវ​ឈរ​នៅ​តាម​ដង​វិថី​នៃ​ទី​ក្រុង​ Windsor​។

គួរ​បញ្ជាក់​ផង​ដែរ សម្រាប់​តួ​ឯក​ក្នុង​ពិធី​មង្គល​នេះ បើ​ទោះ​ជា​មិន​មាន​ការ​បង្ហើប​ពី​សំលៀកបំពាក់​របស់​ព្រះ​អង្គ​ម្ចាស់​ Harry ក៏​មាន​គេ​រំពឹង​ថា​ ទ្រង់​នឹង​​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​​នៅ​ក្នុង​ពិធីអាពាហ៍ពិពាហ៍​នេះ​ផង​ដែរ​ ព្រោះ​កាល​ពី​ពិធីអាពាហ៍ពិពាហ៍​របស់​ព្រះ​អង្គ​ម្ចាស់​ William នៅ​ឆ្នាំ​២០០១១​ កំលោះ​ក៏​ស្លៀក​ឯកសណ្ឋាន​យោធា​ដែរ​។