មានរឿងនឹកស្មានមិនដល់ជាច្រើននៅពីក្រោយខ្សែជីវិតរបស់ស្ត្រីមេបនដ៏ល្បី និងជាមេបងធំសង្គមងងឹតដ៏គួរឲ្យខ្លាចម្នាក់ឈ្មោះថា កានគូបៃ កុតហ៊ីវ៉ាលី

នាង កានគូបៃ កុតហ៊ីវ៉ាលី គឺជាមេបនជនជាតិឥណ្ឌា ដ៏ល្បីម្នាក់ដែលបានគ្របគ្រងផ្ទះបនជាច្រើនកន្លែង ក្នុងតំបន់ កាម៉ាធីពូរ៉ាម រដ្ឋ ម៉ាហារ៉ាសត្រា នាកំលុងឆ្នាំ ១៩៦០​។ នារីម្នាក់នេះ បានក្លាយជាមេបន តែម្នាក់គត់នៅឥណ្ឌា ដែលមានលទ្ធភាពខ្ពស់ រហូតដល់អាចទិញរថយន្ត ប៊ែនលី ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៀតផង។ ឈ្មោះនាង កានគូបៃ កុតហ៊ីវ៉ាលី ត្រូវបានពលរដ្ឋឥណ្ឌាចងចាំ និងទទួលស្គាល់ថា ជាស្រីពេស្យា និងជាមេបន ដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេស រហូតដល់គេលើកពីដំណើរជីវិតរបស់នាងមកផលិតជាភាពយន្តទៀតផង រឿងនោះមានចំណងជើងថា​ «កានគូបៃ កុតហ៊ីវ៉ាលី»។ រឿងនេះដែរ អ្នកនិពន្ធបានដកស្រង់ចេញពីឯកសារស្ដីពីជីវិតពិតរបស់នាង កានគូបៃ កុតហ៊ីវ៉ាលី ដែលសរសេរដោយអ្នកកាសែតម្នាក់ឈ្មោះលោក ហ៊ូសសេន សៃឌី កាលពីឆ្នាំ ២០១១ ដោយឯកសារនោះមានចំណងជើងថា «Mafia Queens of Mumbai» ។

យ៉ាងណាមិញ ត្បិតតែមនុស្សជាច្រើនបានស្គាល់ នាង កានគូបៃ កុតហ៊ីវ៉ាលី ថាជាស្រីពេស្យា និងជាមេបន ដែលមានទ្រព្យស្ដុកស្ដម្ភ តែភាគច្រើននៃអ្នកទាំងនោះអាចនៅមិនទាន់ដឹងពីប្រវត្តិពិត និងអតីតកាលដ៏សែនជូរចត់របស់នាងឡើយ ហើយខាងក្រោមនេះគឺជារឿងពិតមួយចំនួនរបស់ នាង កានគូបៃ កុតហ៊ីវ៉ាលី ដែលកម្រមានអ្នកបានដឹង។

នាង កានគូបៃ កុតហ៊ីវ៉ាលី មានឈ្មោះកំណើតថា កានកា ហាជីវ៉ាន់ដាស់ កើតនៅក្នុងគ្រួសារដែលមានកិត្យានុភាពមួយក្នុងតំបន់ ខាធាវ៉ា រដ្ឋគូចារ៉ាត់​ ប្រទេសឥណ្ឌា។
ឪពុករបស់ កានគូបៃ កុតហ៊ីវ៉ាលី គឺជាគណនេយ្យករម្នាក់ តែសម្រាប់នាងផ្ទាល់ ចង់ក្លាយជាតារាសម្តែងតាំងពីកុមារភាពមកម្ល៉េះ។ ក្នុងពេលសិក្សានៅមហាវិទ្យាល័យនាង កានគូបៃ កុតហ៊ីវ៉ាលី បានស្រឡាញ់គ្នាជាមួយបុរសម្នាក់ឈ្មោះ រ៉ាមនីក ឡាល ហើយក្រោយមកទាំងពីរនាក់ ក៏បានពង្រត់គ្នាទៅសាងជីវិតនៅទីក្រុងមូមបៃ។

នាង កានគូបៃ កុតហ៊ីវ៉ាលី រំពឹងថា​ នាងនឹងអាចរស់នៅជាមួយបុរសដែលខ្លួនស្រឡាញ់យ៉ាងមានសេចក្ដីសុខ តែអ្វីដែលធ្វើឲ្យឈឺចិត្តខ្លាំងនោះ គឺគូស្នេហ៍របស់នាងលោក រ៉ាមនីក ឡាល​ បានយកនាងទៅលក់ឲ្យធ្វើជាស្រីពេស្យា ដោយជំនាន់នោះតម្លៃរបស់នាងបាន ៥០០រូពី ស្មើនឹង​ ៧ដុល្លារអាមេរិក។

បន្ទាប់ពីនោះ នាង កានគូបៃ កុតហ៊ីវ៉ាលី បានធ្លាក់ខ្លួនក្លាយជានារីផ្កាមាស រស់ក្រោមភ្លើងរាត្រី និងរងនូវទារុណកម្មទាំងកាយ ទាំងចិត្ត។ កាលនោះទីក្រុង មូមបៃ ព្រមទាំងទីក្រុង កាម៉ាធីពូរ៉ាម ត្រូវបានគ្រប់គ្រងដោយមេក្រុមសង្គមងងឹតឈ្មោះ ការីម ឡាឡា ហើយថ្ងៃមួយបុរសម្នាក់នេះបានចាប់រំលោភនាង កានគូបៃ កុតហ៊ីវ៉ាលី បានសម្រេច។ ជាមួយគ្នានោះដែរ នាង កានគូបៃ កុតហ៊ីវ៉ាលី ក៏បានព្យាយាមទាក់ទងជាមួយលោក ការីម ឡាឡា ដោយយកបុរសរូបនេះធ្វើជាខ្នងបង្អែក តែមិនមែនជាទំនាក់ទំនងស្នេហាឡើយ ដោយគ្រាន់តែរាប់អានគ្នាដូចបងប្អូន។

បន្ទាប់ពីស្គាល់គ្នាជាមួយ ការីម ឡាឡា នាង កានគូបៃ កុតហ៊ីវ៉ាលី ដែលធ្លាប់តែជានារីពេស្យាធម្មតា ក៏បានប្រែខ្លួនទៅជានារី សង្គមងងឹតដ៏មានអំណាច និងគួរឲ្យខ្លាចបំផុត​។ នាងបានពង្រីកឥទ្ធិពលទៅលើផ្ទះបនជាច្រើននៅទទូទាំងតំបន់ កាម៉ាធីពូរ៉ាម ហើយថែមទាំងជាមេបងធំសង្គមងងឹតផងដែរ។

យោងតាមឯកសារជីវិតរបស់នាង កានគូបៃ កុតហ៊ីវ៉ាលី បានឲ្យដឹងថា ស្ត្រីម្នាក់នេះគឺ មានទំនាក់ទំនងជាមួយក្រុមក្មេងទំនើងដែលគួរឱ្យខ្លាចបំផុតនៅទីក្រុង មូមបៃ ដោយសារពួកគេភាគច្រើនគឺជាអតិថិជនល្អរបស់នាង។ ហើយនាង ក៏ជាអ្នកចែកចាយ ថ្នាំញៀនទៅឲ្យក្រុមសង្គមងងឹតទៀតផង។ អ្វីដែលស្មានមិនដល់ថា នារីធម្មតាម្នាក់ដែលកើតចេញពីគ្រួសារថ្លៃថ្នូរ មានមុខមាត់ក្នុងសង្គម ប៉ុន្តែប្រែក្លាយទៅជាមេក្រុមសង្គមងងឹត ហ៊ានដល់ថ្នាក់សូម្បីតែចាត់ចែងឲ្យសម្លាប់មនុស្សក៏នាងអាចធ្វើបានដោយមិនញញើតបន្តិចសោះឡើយ។

យ៉ាងណាមិញ ត្បិតតែ នាង កានគូបៃ កុតហ៊ីវ៉ាលី បានក្លាយខ្លួនជាមេបន រកស៊ីជាមួយពួកសង្គមងងឹត យ៉ាងណាក្ដី ក៏គេដឹងថា ភាពទន់ភ្លន់របស់នាងគឺនៅតែមាន ដូចជា នាងតែងតែយកចិត្តទុកដាក់ ក៏ដូចជាថែទាំនារីពេស្យារបស់នាងបានយ៉ាងល្អប្រៀបដូចជាម្ដាយ និងកូន។ គ្រប់នារីពេស្យាទាំងអស់ របស់ កានគូបៃ កុតហ៊ីវ៉ាលី សុទ្ធតែជាការស្ម័គ្រចិត្តមកធ្វើការជាមួយ នាងប្រកាន់គោលគំនិតមិនទទួលទិញ ឬបង្ខំនារីណាម្នាក់ឡើយ។ ហើយមិនតែប៉ុណ្ណោះ កានគូបៃ កុតហ៊ីវ៉ាលី តែងតែចេញមុខដោយផ្ទាល់ ដាក់ទោសទៅលើមនុស្សប្រុសណា ដែលបានមកធ្វើបាបនារីពេស្យាកូនចៅរបស់នាង។

ស្ត្រីម្នាក់នេះ គឺជាអ្នកផ្គត់ផ្គង់ជីវភាពរបស់នារីពេស្យាទូទាំងតំបន់ កាម៉ាធីពូរ៉ាម ឲ្យល្អប្រសើរ ហើយនាងធ្លាប់បានទៅជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ចាវ៉ាហា ឡាល នីរូ ដើម្បីពិភាក្សាអំពីបញ្ហាដែលអ្នករកស៊ីផ្លូវភេទនៅក្នុងស្រុករបស់នាងប្រឈមមុខ។ តាមសេចក្តីរាយការណ៍លោក ចាវ៉ាហា ឡាល នីរូ បានពេញចិត្តជាមួយគុណភាព ភាពជាអ្នកនាំនៃរបរពេស្យារបស់ កានគូបៃ កុតហ៊ីវ៉ាលី យ៉ាងខ្លាំង ព្រោះតែនាងមានការគិត និងគោលដៅច្បាស់លាស់។ មិនត្រឹមតែនារីពេស្យាឡើយ សូម្បីពួកសង្គមងងឹត ក៏នាងជាអ្នកផ្គត់ផ្គង់ជីវភាពរបស់ពួកគេ ឲ្យរស់នៅបានសមរម្យផងដែរ។

ព្រោះតែបែបនេះហើយ ទើប កានគូបៃ កុតហ៊ីវ៉ាលី ទទួលបានការសរសើរថា ជាបុគ្គលដែលមានបេះដូងល្អ ហើយមកដល់បច្ចុប្បន្ន រូបថតរបស់នាងត្រូវបានគេដាក់តាំងទូទាំងតំបន់ កាម៉ាធីពូរ៉ាម ។

កានគូបៃ កុតហ៊ីវ៉ាលី តែងតែនិយាយថា «ប្រសិនបើខ្ញុំបានផ្តល់ជូនរាងកាយសម្រាប់ការរីករាយរបស់អ្នកដទៃហើយ ក៏វាមិនមែនមានន័យថានរណាម្នាក់នឹងអាចទទួលបានសិទ្ធិធ្វើបាប ឬបន្ទាបបន្ថោកសេចក្តីថ្លៃថ្នូររបស់ខ្ញុំដែរ»៕