លោក ប្រាយុទ្ធប្រកាសសម្តែងឬទ្ធជាថ្មី ទប់ទល់ជាមួយបាតុកម្មហិង្សាចំពោះមុខ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ច្បាប់ទាំងអស់នឹងត្រូវយកមកប្រើប្រាស់ ទប់ទល់ជាមក្រុមតវ៉ា ដែលព្យាយាមទាមទារឱ្យលោកចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយម។

ការប្រកាសរបស់លោកប្រាយុទ្ធនៅពេលនេះ បានបង្ហាញសញ្ញាថារដ្ឋាភិបាលរបស់លោកប្រា យុទ្ធ មិនចុះញមជាដាច់ខាតជាមួយក្រុមបាតុករ គ្រាដែលការតវ៉ា បានកើតឡើងជាង ៤ ខែមកហើយ។

សកម្មជនតវ៉ាជាច្រើន បានបង្ហាញក្តីបារម្ភថា លោកប្រាយុទ្ធ ទំនងសំដៅលើនិតិវិធីច្បាប់បន្តការកាត់ទោសក្រុមអ្នកតវ៉ា ពីបទប្រមាថព្រះមហាក្សត្រ ដែលមានទោសចាប់ពី១៥ ឆ្នាំឡើង។

លោកប្រាយុទ្ធ បានប្រកាសថា ច្បាប់ និងមាត្រាទាំងអស់ នឹងត្រូវយកមកធ្វើជាអាវុធ និងខែល ប្រឆាំងក្រុមបាតុករ ដោយសារថា នៅចំពោះមុខបាតុកម្មកាន់តែធ្ងន់ធ្ងរឡើង ក្នុងការទាមទារទាញទម្លាក់រូបលោក ចេញពីនាយករដ្ឋមន្ត្រី និងធ្វើកំណែទម្រង់ស្ថាប័នព្រះ​មហាក្សត្រ។ លោកថា ស្ថានការកាន់តែអាក្រក់នេះ អាចនឹងឈានទៅរកហិង្សាធ្ងន់ធ្ងរ ដែលរដ្ឋាភិបាល ចាំបាច់ត្រូវតែរកវិធីទប់ទល់ បន្ទាប់ពីរដ្ឋាភិបាលបានប្រើធម៌ត្រជាក់ជាច្រើនខែមក។

សន្ទុះបាតុកម្មចាប់អង្រួនលោកប្រាយុទ្ធ ឱ្យចុះចេញពីតំណែង បានឡើងកម្តៅខ្លាំង ដោយទាមទារ ៣ ចំណុចធំៗ គឺឱ្យលោក ប្រាយុទ្ធចុះចេញពីតំណែង ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ និងកំណែទម្រង់ ស្ថាប័នព្រះមហាក្សត្រ។

ជំហានដំបូង នៃការសម្របសម្រួលជាមួយក្រុមបាតុករ សភាថៃបានយល់ព្រម ទទួលយកសេចក្តីព្រៀងចំនួន ៧ ដែលស្នើដោយ​គណ​បក្សប្រឆាំង និងក្រុមពាក់ព័ន្ធ ក្នុងការបោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញ បែរជាសភាមិនបានបោះឆ្នោតអនុម័តសេចក្តីព្រៀងទាំង៧ ចំណុចនោះឡើយ។

ក្រុមបាតុករថៃ បានធ្វើការតវ៉ារយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកានេះ ដោយមានការប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមគាំទ្រព្រះមហាក្សត្រ នៅថ្ងៃទី ១៧ ខែវិច្ឆិកា និងការរារាំងពីសមត្ថកិច្ច ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ហ្វូងបាតុករ គ្រាដែលពួកគេព្យាយាមទម្លុះរបាំងដែកការពារបរិវេណរដ្ឋសភា។

ក្រុមមេដឹកនាំបាតុករ បានប្រកាសប្រមូលផ្តុំដោយគ្រោងធ្វើដំណើរទៅការិយាល័យព្រះរាជទ្រព្យ នៅថ្ងៃទី ២៥ ខែវិច្ឆិកានេះ ដើម្បីចាប់បង្ខំឱ្យព្រះមហាក្សត្រ និងរដ្ឋាភិបាល ត្រូវតែដោះស្រាយនូវការទាមទាររបស់ពួកគេឱ្យខាងតែបាន។

ក្រុមយុវជនដើម្បីសេរីភាពថៃ បានចោទប្រកាន់តំណាងរាស្ត្រ និងសមាជិកសភាជាច្រើន កំពុងធ្វើការងារបែបផ្តាច់ការ និងព្រងើយកន្តើយ ពីសំណូមពររបស់ប្រជាពលរដ្ឋ។

ការប្រកាសរបស់លោក ប្រយុទ្ធនៅពេលនេះ ត្រូវបានអ្នកវិភាគមួយចំនួន មើលឃើញថា ទំនងលោកប្រាយុទ្ធ ប្រហែលជាជ្រើសយកវិធីប្រើធម៌ក្តៅដាក់ក្រុមបាតុករវិញហើយ បន្ទាប់ពីគ្មានដំណោះស្រាយជាច្រើនខែ៕

(ដោយ៖ ឡេង ដេត)