កីឡាការ៉ាតេដូកម្ពុជាទទួលគ្រូខ្លាំងបរទេសចំនួន២រូប

(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេដូកម្ពុជានឹងចាប់ផ្ដើមខ្លាំងនៅឆ្នាំ២០២៣ក្នុងខណៈដែលសហព័ន្ធមួយនេះទើបតែបានទទួលគ្រូបង្វឹកបរទេចំនួន២រូបដែលជាគ្រូមានសមត្ថភាពខ្ពស់នៅក្នុងពិភពលោក ។

លោកវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការរបស់សហព័ន្ធនេះបានឲ្យដឹងថាលោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្នដែលជាប្រធានសហព័ន្ធរកបានគ្រូបង្វឹក២រូបដែលមួយរូបជាជនជាតិអ៊ីរ៉ង់ និង មួយរូបទៀតជាជនជាតិជប៉ុន ហើយពេលនេះពួកគេបានមកដល់កម្ពុជាព្រមទាំងបានដំណើរការហ្វឹកហាត់ហើយ ។ការហ្វឹកហាត់ពេលនេះគឺហាត់ជាមួយគ្រូជនជាតិអ៊ីរ៉ង់ចំពោះគ្រូជប៉ុនកំពុងតែស្ថិតនៅក្នុងការត្រួតពិវីតកូវីដ ១៩ចំនួន១៤ថ្ងៃសិន ។

លោកហាស្សាន់(Hassan) ជាជនជាតិអ៊ីរ៉ង់ និង លោកតូយ៉ាម៉ា(Toyama)ជាជនជាតិជប៉ុននឹងបង្ហាត់នៅកម្ពុជារហូតដល់ចប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សម្រាប់ស៊ីហ្គេមលើកទី៣១នាឆ្នាំ២០២១ដែលធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាមនោះគ្រូបង្វឹកទាំង២រូបនេះ នៅមិនទាន់ហ៊ានធានាថា រកបានមេដាយនោះទេព្រោះគ្រូទាំង២រូបនេះត្រូវពិនិត្យមើលពីសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាទាំងកម្លាំងកាយទាំងបច្ចេកទេសសិន ។ កីឡាបើកម្លាំងកាយមិនគ្រប់គ្រាន់ទេនោះការហ្វឹកហាត់បច្ចេកទេសពិតជាលំបាកហើយ ។ ពេលនេះពួកគាត់ត្រូវការរយៈពេល៦ខែ
ដើម្បីត្រួតពិនិត្យមើលកម្លាំងរបស់អត្តពលិក ។បន្ទាប់ពីនោះគាត់ត្រូវឲ្យពួកគេហាត់កម្លាំង រួមជាមួយបច្ចេកទេសហេតុនេះពេលវេលាចាប់ផ្ដើម គឺមិនតិចជាងមួយឆ្នាំនោះទេ ។

លោកវ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា គ្រូបង្វឹករូបនេះមានការតឹងតែងណាស់ដែលដំបូងបំផុតគឺបញ្ហាវិន័យព្រោះកីឡាករ កីឡាការិនី បើគ្មានវិន័យមិនអាចធ្វើអ្វីបានឡើយ ។ ចង់បានមេដាយត្រូវតែមានវិន័យ គឺវិន័យទាំងការហ្វឹកហាត់ព្រមទាំងគោរពពេលវេលាដោយមិនអាចរកលេសនេះ ឬ លេសនោះមកដើម្បីគេចវេសពីការហ្វឹកហាត់បានឡើយ ។ ជាមួយនឹងការទាមទារឲ្យមានវិន័យនោះគ្រូបង្វឹកទាំង២រូបនេះក៏គិតគូរខ្លាំងទៅលើអាហារូបត្ថម្ភ ។លោកលើកហេតុផលថាបើកីឡាករ កីឡាការិនីបញ្ចេញកាឡូរីហ្វឹកហាត់ប៉ុណ្ណាគេត្រូវតែបញ្ចូលកាឡូរីទៅវិញប៉ុណ្ណោះដែរ ។ ជារៀងរាល់ថ្ងៃក្រៅពីអាហារសម្រាប់ស្ដង់ដារកីឡានោះគេត្រូវការផ្លែចេក ទឹកដោះគោ និងស៊ុតបន្ថែមទៀត ។

សូមបញ្ជាក់ថា គ្រូបង្វឹកទាំង២រូបនេះពិតជាកាចហើយពួកគាត់ធានាថានឹងតាមដានកីឡាករ កីឡាការិនីឲ្យជាប់ដើម្បីធានាថានៅ ឆ្នាំ២០២៣ពួកគេនឹងប្រជែងបានមេដាយពីស៊ីហ្គេម ។

សូមបញ្ជាក់ថាការាតេដូកម្ពុជាគឺជាប្រភេទកីឡាដែលមានសក្ដានុពលមួយដែលតែងតែប្រជែងបានមេដាយពីព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា ៕

ដោយ៖ កូនដូច (Yuth)