អត្ថាធិប្បាយ៖ ការបិទបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺជាជោគជ័យថ្មីមួយទៀត នៅលើសមរភូមិប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩

​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបានរាជរដ្ឋាភិបាលប្រកាសជាផ្លូវការបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនេះគឺជាជោគជ័យមួយទៀតនៅលើសមរភូមិ ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដែលបាន និងកំពុងតែចាប់អង្រួនពិភពលោកឲ្យកក្រើកញាប់ញ័រអស់រយៈពេលជិត ១ឆ្នាំ មកហើយ ។

ជោគជ័យនេះ បានបង្ហាញឲ្យឃើញនូវភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានសមត្ថភាពពេញលេញក្នុងការដឹកនាំការប្រយុទ្ធនៅលើសមរភូមិ ដែលពោរពេញទៅដោយឧបសគ្គ នាំយកប្រជាជនកម្ពុជាឲ្យជៀសផុតនូវការរាតត្បាតពីជម្ងឺដ៏កាចសាហាវនេះ ។

ជោគជ័យនេះក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាជនកម្ពុជាទូទាំងប្រទេសមានការយល់ដឹងកាន់តែខ្ពស់ និងបានចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយបានគោរពយ៉ាងខ្ជាប់ខ្ជួននូវការណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ គិតមកដល់ថ្ងៃនេះ ជំងឺឆ្លង COVID-19 នៅតែបង្កើនការវាយលុកទៅលើពិភពលោកយ៉ាងខ្លាំង មិនទាន់បង្ហាញឲ្យឃើញនូវសញ្ញាធូរស្រាលណាមួយឡើយ និងកាន់តែបង្កើនឡើងនូវវិបត្តិសុខភាពសាធារណៈសកល និងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។

ប្រទេសទាំងអស់នៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលវិបាកនេះ ដែលតម្រូវឲ្យរដ្ឋាភិបាលនៃប្រទេសជាច្រើនបានប្រកាន់យកនូវយុទ្ធសាស្ត្ររៀងខ្លួនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ ។ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសម្ពាធសង្គម មានប្រទេសជាច្រើនប្រថុយប្រថានបន្ធូរបន្ថយវិធានការរឹតបន្តឹងដែលជាការរំលោភទៅលើគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក បង្កឲ្យមានការភ័យព្រួយការឆ្លងរីករាលដាលកាន់តែខ្លាំងនៃជំងឺ COVID-19 ។

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នេះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលគឺ វាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ បានចម្លងទៅមនុស្សសរុបចំនួន ៥៦.៦៧៤.៥២៣នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១.៣៥៦.៨២៤នាក់ បានស្លាប់បាត់បង់ជីវិត និង ៣៩.៤៧០.៩២៩នាក់ ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក ។

ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៧ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៨ ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបានចាត់គ្រប់វិធានការចាំបាច់ទាំងឡាយ ដែលមានលក្ខណៈអន្តរាគមន៍បន្ទាន់ ដើម្បីទប់ស្កាត់ជម្ងឺ COVID-19 ផង និងដើម្បីទ្រទ្រង់ផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនផង ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញផែនការប្រយុទ្ធនៅលើសមរភូមិ ប្រឆាំងនឹងជម្ងឺ COVID-19 តាមរយៈមុខព្រួញ ៣ គឺ ទី១- ការប្រយុទ្ធ និងការឆ្លងរាលដាលចូលមកពីខាងក្រៅ ទី២- ការប្រយុទ្ធទប់ស្កាត់កុំឲ្យឆ្លងពីអ្នកកើត ទៅអ្នកដែលមិនទាន់កើតជម្ងឺនេះ រាលដាលទៅជាចង្កោមទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងទី៣- ជំរុញការបន្តព្យាបាលអ្នកឆ្លងឲ្យឆាប់បានជាសះស្បើយ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យមានការចូលរួមក្នុងការពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ពីជម្ងឺ COVID-19 ដែលជាគោលនយោបាយគន្លឹះ ក្នុងសមរភូមិប្រយុទ្ធជាមួយជម្ងឺឆ្លងដ៏កាចសាហាវនេះ តាមរយៈការចូលរួមទាំងអស់គ្នា ។

តាមរយៈការអនុវត្តម៉ឺងម៉ាត់នូវយុទ្ធសាស្ត្រ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល កម្ពុជាបានគ្រប់គ្រងទាំងស្រុងនូវជម្ងឺ COVID-19 ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៩៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន១នាក់ ។ អ្នកឆ្លងជំងឺកូវីដ-១៩ទាំងអស់ គឺនាំចូលពីក្រៅ ហើយក៏ពុំមានការឆ្លងរាលដាលឆ្លងចូលសហគមន៍ឡើយ ។ ជោគជ័យនេះ ក៏អាស្រ័យដោយមានការចូលរួមពីសំណាក់ប្រជាជន ស្ថាប័ន ជំនាញ ដៃគូអភិវឌ្ឍនានា បងប្អូនសប្បុរសជន និងមន្ត្រីរាជការ ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅក្នុងស្ថានភាពដ៏លំបាកនេះ ស្មារតីមហាសាមគ្គីជាតិបានលេចឡើងគួរឲ្យស្ញប់ស្ញែងបំផុត នោះគឺវប្បធម៌ចែករំលែក គឺការចែករំលែកពីស្ថាប័នរដ្ឋទៅប្រជាជន ការចែករំលែកពីដៃគូអភិវឌ្ឍ និងអង្គការមិនមែន រដ្ឋាភិបាលទៅប្រជាជន ការចែករំលែកអ្នកមានធនធានទៅសង្គម និងអ្នកគ្មានធនធាន និងការចែករំលែកវាងប្រជាជននៅក្នុងមូលដ្ឋាន ។ ឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីសាធារណៈនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានស្ម័គ្រចិត្តជាបន្តបន្ទាប់បរិច្ចាកបៀវត្សប្រចាំខែរបស់ខ្លួន ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺ COVID-19 យ៉ាងផុលផុស ។

ក្រោយពេលដែលព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបិទបញ្ចប់ រាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឲ្យបើកសាលារៀន សារមន្ទីរ រោងភាពយន្ត ពហុកីឡដ្ឋានជាតិ និងការរៀបអាពាហ៍ពិពាហ៍ឡើងវិញ ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ។

ប្រជាជនកម្ពុជាយើងនឹងខិតខំអនុវត្តឲ្យបានតាមការណែនាំ និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដោយខិតខំធ្វើយ៉ាងណារក្សាឲ្យបាននូវស្ថានភាពកម្ពុជាបច្ចុប្បន្ន គឺការរស់នៅក្នុងសភាពធម្មតា តាមបែបគន្លងថ្មីនៃបរិបទប្រយុទ្ធប្រឆាំងយកជោគជ័យឲ្យបានលើសមរភូមិ ជំងឺកូវីដ-១៩ ៕ ដោយ ៖ លី ទួង
សម្រួលផ្សាយ៖ Micheal