ឃាត់ខ្លួនជនសង្ស័យ២នាក់លួចទូកស្មាច់ និងម៉ាស៊ីន នៅស្រុកលើកដែក

(កណ្តាល) ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពលួចទូកស្មាច់និងម៉ាស៊ីននៅ ចំណុចអូរក្របី ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង៥និង២០ នាទីល្ងាច។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ប៉ិ ភា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។បាត់បង់ទូកស្មាច់ ដាក់ម៉ាស៊ីនមួយគ្រឿង។

ចំណែកជនសង្ស័យ០២ នាក់រួមមាន ១-ឈ្មោះ វី វ៉ាត ហៅទូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន)និង២-ឈ្មោះឈិត គីមហេង ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្ដាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ទូកស្មាច់ ពណ៌ក្រហមប្រវែង ៧,២ ម៉ែត្រចំនួន ០១ គ្រឿងនិងម៉ាស៊ីនសាំងអ៊ីណូតា ចំនួន១គ្រឿង។

ប៉ូលិសបន្តថា នៅថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោងប្រហែលជា ៥ ល្ងាចឈ្មោះ វី វ៉ាតហៅទូច និង ឈ្មោះឈិត គីមហេង បានទៅឆក់ត្រី ។ លុះម៉ោងប្រហែលជា ៧ យប់ ជនសង្ស័យទាំងពីបានត្រឡប់មកផ្ទះវិញដោយដើរបណ្ដើរឆក់ត្រីបណ្ដើរ ។

លុះមកដល់ចំណុចអូរក្របី ជនសង្ស័យទាំងពីរក៏បានឃើញទូកប្រជាពលរដ្ឋ ចតចោលដោយពុំមានចាក់សោទេហើយជនសង្ស័យទាំងពីរនាក់ឡើងបញ្ឆេះម៉ាស៊ីនទូកបើកចេញទៅទិសខាងត្បូងបាត់ទៅ។

រហូតដល់ព្រឹកឡើងម្ចាស់ទូកបានចេញទៅរកច្រូតស្មៅទៅដល់កន្លែងចតទូកពុំឃើញទូក ក៏ឆោឡោហើយបានដើរនិងជិះទូកស្វែងរករហូតដល់ម៉ោង ១និង៤៥ នាទីរសៀល ក៏បានឃើញជនសង្សយ័ម្នាក់ឈ្មោះ វី វ៉ាត ហៅទូច កំពុងតែបើកទូករបស់ខ្លួន ហើយជនរងគ្រោះបានកាក់និងឃាត់ខ្លួនបញ្ជូនមកប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំតែម្ដង។

បន្ទាប់មកកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំបានបញ្ជូនជនសង្ស័យខាងលើមកកាន់ អធិការដ្ឋាន ប៉ូលិសស្រុកលើកដែក។ ក្រោយពីជំនាញសួរនាំទើបដឹងថា មានបក្សពួកម្នាក់ទៀតកម្លាំងប៉ូលិសជំនាញសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឈិត គឹមហេង ហើយបានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ភាវុន (Yuth)