ផឹកស៊ីស្រវឹងឌឺដងពាក្យសំដីដាក់គ្នា ចុងក្រោយម្នាក់ជាប់ខ្នោះ ម្នាក់ដេកពេទ្យ !

(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនក្នុងអំពើហិង្សាបង្ករបួសស្នាមដល់អ្នកដដៃ បន្ទាប់ពីផឹកស៊ីស្រវឹងឌឺដងពាក្យសំដីដាក់គ្នាក្នុងវងផឹកស៊ី ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនៅចំណុចភូមិចុងកោះសង្កាត់ផ្សារឆ្នាំងក្រុង និងខេត្តកំពង់ឆ្នាំង ។

អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង លោកវរសេនីយ៍ឯក ឆាយ ខេមរត្ន បានឲ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ​ខែ២០២០នេះថា សមត្ថកិច្ចនគបាលរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះឡាយ ឆេងលី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា វាយលើជនរងគ្រោះឈ្មោះ រត្នបូរី អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ដោយវាយនឹងច្រវ៉ាចែវទូកបណ្ដាលអោយជនរងគ្រោះរងរបួសធ្ងន់សម្រាក់ព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្ត ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នានៅពេកស្រវឹងខ្លាំង គ្រាដែលជនរងគ្រោះឌឺដងពាក្យសម្តីដាក់ទៅជនដៃដល់ ដោយទ្រាំមិនបានជនដៃដល់បានស្ទុះទាញច្រវាចែវទូកវ៉ៃទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ផងដែរ៕

ដោយ សុក្ខារិន (Yuth)