រដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី ជាសះស្បើយពីជំងឺកូវីដ-១៩

(ភ្នំពេញ)៖ នារាត្រីថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យោងតាមការផ្សាយចេញ តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកផ្លូវរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី លោក Peter Szijjarto  បានបញ្ជាក់ថា រូបគាត់ផ្ទាល់ បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយពីការធ្វើតេស្តលើកចុងក្រោយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា មានលទ្ធផលអវិជ្ជមាន។

ជាមួយគ្នានោះ ក្នុងការបង្ហោះសារខាងលើ រដ្ឋមន្ត្រីការបរទេស ហុងគ្រី ក៏បានសម្តែងការអរគុណចំពោះ អ្នកដែលបានបារម្ភពីសុខភាពរបស់លោក ក៏ដូចជាការផ្តល់កម្លាំងចិត្ត ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ លោក Peter Szijjarto  បានមកបំពេញទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា ក្រោយមកក៏ត្រូបានរកឃើញថាមានផ្ទុកជំងឺកូវីដ១៩ នៅប្រទេសថៃកាលពីថ្ងៃទី៤ ៕ ដោយ៖ micheal