លោក ចូ បៃដិន ថា សកម្មភាពរារាំងការផ្ទេរអំណាចរបស់លោកត្រាំ មានបញ្ហាដល់ការអភិវឌ្ឍន៍វ៉ាក់សាំង ការពារវីរុសកូវីដ១៩

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកា ប្រធានាធិបតីទើបជាប់ឆ្នោត លោក ចូ បៃដិន បានជួបជាមួយអភិបាលក្រុងមកពីគណបក្សទាំងពីរ ដែលក្នុងពេលនោះលោក បាននិយាយរិះគន់ការប៉ុនប៉ងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីរារាំងការផ្ទេរអំណាចដោយសន្តិវិធី។

ជាមួយគ្នានោះប្រធានាធិបតីជាប់ឆ្នោតថ្មីខាងលើ បានថ្លែងថាសកម្មភាពរបស់លោកត្រាំ កំពុងរារាំងលំហូរនៃព័ត៌មានអំពីការអភិវឌ្ឍន៍វ៉ាក់សាំងការពារវីរុសកូវីដ១៩។

លោកក៏បានមានប្រសាសន៍ផងដែរថា លោកទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរបស់គណៈបក្សទំាងពីរ ដែលអាចជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថយការរីករាលដាលនៃវីរុសរាតត្បាតជំងឺកូវីដ១៩ បន្ទាប់ពីលោកចូលកាន់តំណែងនៅពេលខាងមុខ។

សូមបញ្ជាក់ផងដែរយោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃចំនួនអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១២,០៥៦,៩៦៩បានឆ្លង, ជាង២៥ម៉ឺននាក់ស្លាប់ ដោយមួយថ្ងៃគិតចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៨០,២៩៤នាក់ និងអ្នកជំងឺសរុប ១,៩៦៧នាក់ បានស្លាប់។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៧,២០៥,៧៤៤ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៦៤,៧៤៦នាក់ស្លាប់ និងជាង ៣៩លាននាក់ បានជាសះស្បើយឡើងវិញ៕

ដោយ៖ Micheal