ដឹងហើយរំភើបចិត្ត! ចិត្តកតញ្ញូ ២ យ៉ាងរបស់ យ៉ង់ ស្រីនីត ធ្វើឱ្យឪពុកម្ដាយស្រក់ទឹកភ្នែក

ក្រោយពីកុមារី រស់លើទឹកដីភូមិភាគឦសាន យ៉ង់ ស្រីនីត ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសហើយនោះ ពេលនេះ នាងបានបង្ហាញចិត្តកតញ្ញូពីរយ៉ាង ដែលធ្វើឱ្យឪពុកម្ដាយនាងកាន់តែរំភើបចិត្តនិងកាន់តែមានមោទកភាពចំពោះកូនស្រី នោះគឺជាការបង្ហាញនូវបំណងប្រាថ្នាពីរយ៉ាង​ដើម្បីជួយគ្រួសារដែលកំពុងមានជីវភាពខ្វះខាត។ ដោយបំណងទី១ នាងចង់ឱ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២ នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចម្រៀង។

ក្រោយបង្ហាញពីបំណងប្រាថ្នាដ៏កតញ្ញូចំពោះគ្រួសារក្នុងនាមជាកូនស្រីច្បងមួយរូប រួចមក ស្រាប់តែមានលោកឧកញ៉ាម្នាក់ បានចេញមុខជួយបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ដោយសន្យាផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នងឱ្យគ្រួសារនាងទៀតផង។ ជាជំហានដំបូងនេះ លោក ឧកញ៉ា រូបនេះក៏បានផ្ដល់ កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀតផង ..។

មិនតែប៉ុណ្ណោះ ក្រោយពីទទួលបានកាដូដ៏មានតម្លៃពីលោកឧកញ៉ារូបនេះហើយនោះ កុមារី ដ៏មានក្តីស្រមៃខ្ពស់រូបនេះ ក៏ត្រៀមនឹងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធីមួយដើម្បីបើកកកាយពីរឿងរ៉ាវជីវិតតស៊ូរបស់នាង ដោយមានពិធីការិនីដ៏មានសំនួនវោហារ សុភក្ដិ កុសុម៉ា​ ធ្វើជាអ្នកសម្របសម្រួល។ ភ្ជាប់នឹងចិត្តកតញ្ញូដ៏ធំធេងរបស់ក្មេងស្រីរូបនេះ សុភក្ដិ កុសុម៉ា ​បានឱ្យដឹងថា៖ “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ និយាយទៅយំពេញស្ទូឌីយោ…”។

គួរបញ្ជាក់ថា កុមារី យ៉ង់ ស្រីនីត​ មានអាយុ ១១ ឆ្នាំ រៀនថ្នាក់ទី ៥ រស់នៅក្នុងសហគមន៍ដាក់ដាំ ក្នុងខេត្តមណ្ឌលគិរី។ ក្រៅពីការសិក្សានាងក៏មានរបរជាអ្នកលក់ចេកឆាបផងដែរ។ អ្វីដែលធ្វើឱ្យនាងក្លាយជាទីចាប់អារម្មណ៍ក្នុងក្រសែភ្នែកមហាជន និងរង្គើអស់សារព័ត៌មានតូចធំចេញផ្សាយព្រោងព្រាតនោះគឺក៏ព្រោះតែនាងមានរូបសម្រស់ពណ៌សម្បុរស្រអែមស្រស់ និងទម្រង់មុខស្រស់ស្អាតល្អគន់ពីធម្មជាតិ បូករួមជាមួយចិត្តកតញ្ញូរបស់នាងចំពោះគ្រួសារដែលកាន់តែធ្វើឱ្យមហាជនរំភើបចិត្តទ្វេដង៕

ដោយ៖ ភូមិន្ទ