ឌុច លីដា សម្រាលកូនហើយទើបរៀបការ ចុះតើស្វាមីនាងជាអ្នកណា?

តារាសម្ដែងរាងតូចច្រឡឹងសម្បុរស្រអែមស្រស់ដ៏មានប្រជាប្រិយភាពអ្នកនាង ឌុច លីដា ទើបតែសម្រាលបានកូនប្រុសម្នាក់កាលពីប៉ុន្មានខែមុននោះ ពេលនេះ ទើបនាងដាច់ចិត្តចូលរោងការជាមួយស្វាមីកំបាំងមុខម្នាក់នោះ ប៉ុន្តែពិធីជ័យនេះនៅតែធ្វើឡើងដោយការលាក់បាំង គ្មានការបង្ហោះរូបឬចូលរួមពីសំណាក់អ្នកសិល្បៈអធិកធអមដូចតារាល្បីៗផ្សេងទៀតឡើយ។​

ក្រោយការបែកធ្លាយរូបភាពនៃការចូលរោងជ័យកាលពីថ្ងៃទី ១៨ វិច្ឆិកា ២០២០ ពីសំណាក់អ្នកផាត់មុខឱ្យមង្គលការនាងរួចមក​ ស្រាប់តែអ្នកម្ដាយវ័យក្មេងរូបនេះ បានត្រឹមតែបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ស្វាមីនាងគឺជាអ្នកជំនួយក្រៅសិល្បៈមួយរូប និងជាអ្នកបម្រើការងារក្នុងជួររដ្ឋាភិបាលម្នាក់។ ហើយដោយសារតែស្វាមីនាងមានចរិតអៀនប្រៀបបន្ដិច ទើបនាងមិនចង់បង្ហាញមុខស្វាមីឱ្យមហាជនដឹងនោះឡើយ។ ប៉ុន្តែ បើតាមប្រភពស្និទ្ធស្នាលជាមួយតួឯកស្រីក្នុងរឿងស្បែកគង់រូបនេះបានឱ្យដឹងថា បើទោះបីជាមិនបានបង្ហាញមុខ និងបង្ហាញភាពផ្អែមល្ហែមក្នុងបណ្ដាញសង្គមដូចជាតារាល្បីផ្សេងៗ តែអ្នកនៅក្នុងចង្កោមសិល្បៈសុទ្ធតែបានដឹងថា ស្វាមីរបស់តារារូបនេះគឺជាអ្នកណា ​ព្រោះអ្នកទាំងពីរក៏ធ្លាប់បណ្ដើរគ្នាចូលរួមកម្មវិធីតូចធំផ្សេងៗផងដែរ។ ងាកមកអាជីពក្នុងវិស័យសិល្បៈវិញនាងបានឱ្យដឹងថា ស្វាមីនាងមិនបានជំទាស់អ្វីក្នុងការងារនេះឡើយ ប៉ុន្តែនាងនឹងចូលប្រឡូកពេញដៃពេញជើងវិញនៅពេលដែលកូនរបស់នាងមានវ័យច្រើនជាងនេះបន្ដិច។

យោងតាមការប​ញ្ជាក់ដូច្នេះ និងតាមរយៈការរៀបអាពាហ៍ពិពាហ៍ដែលមិនបានបង្ហាញមុខស្វាមីក្នុងបណ្ដាញសង្គមនោះ​គឺច្បាស់ណាស់ នាងនៅតែចង់បន្តលាក់អត្តសញ្ញាញស្វាមីដដែល។ ដូច្នេះ យើងក៏មិនអាចដឹងថាតើបុរសណាមួយជាស្វាមីរបស់នាងដែរ​គ្រាន់តែដឹងថា បុរសម្នាក់នោះជាអ្នកជំនួញមានទ្រព្យមួយរូប ដែលមិនចង់បង្ហាញមុខក្នុងចង្កោមអ្នកសិល្បៈតែប៉ុណ្ណោះ៕

ដោយ៖ ភូមិន្ទ