ក្រុមហ៊ុន​ Pfizer ​ថា​​វ៉ាក់សាំង​កូវីដ១៩​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​៩៥%

(អន្តរជាតិ)៖ ក្រុមហ៊ុន​ឱសថ​ឈ្មោះ​ Pfizer របស់​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ វ៉ាក់សាំងការពារ​វីរុសកូរ៉ូណា​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ ៩៥% ​ហើយ​មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​អ្វី​ទេ​ ហើយ​ក្រុមហ៊ុន​នេះ​គ្រោងនឹង​ដាក់​ពាក្យ​សុំ​ការ​យល់​ព្រម​ពីរដ្ឋាភិបាលសហព័ន្ធ​អាចប្រើប្រាស់​វ៉ាក់សាំង​នេះក្នុង​គ្រា​បន្ទាន់ ។​

ក្រុមហ៊ុន​ Pfizer​ បាន​បង្ហាញ​លទ្ធផល​នេះបន្ទាប់​ពី​ការ​វិភាគ​ចុងក្រោយ​នៃ​ការ​សាកល្បង​ដំណាក់កាល​ទី​ ៣ នៃ​វ៉ាក់សាំង ​ដែល​បាន​បង្ហាញ​ផង​ដែរ​ថា វា​ការពារ​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ហានិភ័យ​ខ្ពស់​ពី​ការ​ស្លាប់​ពី​ជំងឺ​COVID-19 ​ដែល​ជា​ជំងឺ​បង្ក​ឡើង​ដោយវីរុស​កូរ៉ូណា ។​ ការ​ប្រកាស​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ដ៏​ធំមួយ​នេះ​បាន​កើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ការ​រក​ឃើញ​បឋម​ប្រកប​ដោយ​ក្តី​សង្ឃឹម និង​ប៉ុន្មាន​ថ្ងៃមុន​ពេល​ដែល​ក្រុម​ហ៊ុន​គ្រោងស្នើសុំ​ជា​ផ្លូវការ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​អនុម័ត​ការ​ចាក់​វ៉ាក់សាំង​នេះ​សម្រាប់​ការ​ប្រើប្រាស់ក្នុង​គ្រាបន្ទាន់ ។​

ក្រុមហ៊ុន​ Pfizer​ មិន​ទាន់​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ការ​សាកល្បង​ទេហើយ​លទ្ធផល​ក៏​មិន​ទាន់ត្រូវ​បានពិនិត្យ​ដោយ​អ្នក​ជំនាញ​ឯករាជ្យ​ដែរ ។​ ចំណែក​ក្រុមហ៊ុន​ជីវបច្ចេក​វិទ្យា​ឈ្មោះ​ Moderna វិញក៏​បាន​និយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា​ ការ​វិភាគ​បណ្តោះ​អាសន្ន​នៃ​ការ​សិក្សា​ដំណាក់កាល​ចុង​ក្រោយ​របស់​ខ្លួន​បាន​បង្ហាញ​ថា​ វ៉ាក់សាំង​ពិសោធន៍​របស់​ខ្លួន​​មាន​ប្រសិទ្ធភាព​ ៩៤,៥% ។​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​ ខ្លួន​សង្ឃឹម​ថា ​ក្រុមហ៊ុន​ Moderna ​និង ក្រុមហ៊ុន​Pfizer នឹង​ផលិត​ថ្នាំ​ចំនួន​២០​លាន​ដូស​សម្រាប់ចែកចាយ​ក្នុង​ខែធ្នូ​ ដោយ​ថ្នាំ​ដំបូង​ត្រូវ​បាន​ផ្តល់​ជូន​ប្រជាជន​ងាយ​រងគ្រោះ​ដូច​ជា​បុគ្គលិក​ថែទាំ​សុខភាព​និង​អ្នក​ដែល​មានបញ្ហា​សុខភាព​ធ្ងន់ធ្ងរជាដើម ៕

សម្រួល៖ សារិទ្ធិ (Yuth)