បង្ហាញប្រវត្តិសង្ខេប ព្រីម លីហ្សា តារាខ្មែរបែបហ្វេសហ្សិនកើតលើទឹកដី សឹង្ហបុរី

ព្រីម លីហ្សា គឺជាតារាមួយរូបដែលចូលចិត្តប្រើប្រាស់​ក៏ដូចជាតុបតែងខ្លួនជាមួយនឹងម៉ាកយីហោផលិតផលល្បីៗលើពិភពលោក។ សម្លៀកបំពាក់ក៏ដូចជាគ្រឿងតុបតែងខ្លួនរបស់នាងមានតម្លៃចាប់ពីខ្ទង់ពាន់ រហូតដល់រាប់ម៉ឺនដុល្លារដូចតារាបរទេសល្បីៗដែរ។ ចង់ដឹងថាតារាស្រីល្បីឈ្មោះពីរឿងហ្វេសហ្សិនរូបនេះមានប្រវត្តិបែបណានោះ សូមអានប្រវត្តិសង្ខេបដែលនាងបង្ហាញប្រាប់ត្រួសៗដូចខាងក្រោម៖

  • ព្រីម លីហ្សា ជាតារាខ្មែរមួយដួងដែលមានទីកន្លែងកំណើតលើទឹកដីសឹង្ហបុរី។ មានឪពុកជាជនជាតិចិនរស់នៅទឹកដីសឹង្ហបុរី និងម្ដាយជាជនជាតិខ្មែរ។
  • នាងមានថ្ងៃកំណើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣ ។ កញ្ញាមានបងប្អូនចំនួន ៦ នាក់ ហើយនាងជាកូនទី៤ក្នុងគ្រួសារ។
  • នៅឆ្នាំ១៩៩៩ ព្រីម លីហ្សា បានចាកចេញពីសឹង្ហបុរី មកកាន់ភ្នំពេញជាមួយគ្រួសារដើម្បីបើកអាជីវកម្មថ្មី បន្ទាប់ពីឪពុកនាងបានស្លាប់ ដោយសារតែជំងឺ។
  • ចាប់តាំងពីនាង មានអាយុ ៦ឆ្នាំ នាងបានចូលរៀននៅសាលាវិចិត្រសិល្ប: រហូតដល់ថ្នាក់ទី១០។​ ទីនោះហើយគឺជាគ្រឹះដ៏រឹងមាំប្រែក្លាយឱ្យនាងក្លាយជាតារាសម្ដែងមួយរូប។
  • នៅចន្លោះឆ្នាំ២០០៦ និង២០១២ នាងទទួលបានការអញ្ជើញជាតារាកិត្តិយសជាច្រើន ក្នុងពិធីសម្ពោធហាង VERSACE នៅសឹង្ហបុរី RALPHLAUREN នៅវៀតណាម DIOR Shop នៅប្រទេសថៃ រួមនឹងក្ដោបក្ដាប់ព្រឹត្តិការណ៍បែបហ្វេសហ្សិនជាច្រើនទៀតនៅក្នុងដៃ។
  • នៅឆ្នាំ២០០៩ នាងបានទទួលតំណែងមួយ ជាតារាសម្រស់ធម្មជាតិ ចំណាត់ថ្នាក់ទី២ ក្នុងកម្មវិធី រាត្រីអាថ៌កំបាំង របស់វៀតណាម ជាកម្មវិធីដ៏ល្បីល្បាញក្នុងប្រទេសមួយនេះ។
  • ឆ្នាំ២០១៣ នាងបានទទួល ពានរង្វាន់ អាណាចក្រតារា ក្នុងតំណែង ជាតារាដែលមានប្រជាប្រិយភាពបំផុត ក្នុងពិភពសិល្ប: ។
  • ការសម្ដែងខារ៉ាអូខេដ៏ល្បីបំផុតរបស់កញ្ញាក្នុងឆ្នាំ ២០១៦ គឺក្នុងបទ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំហើយ” ដែលជាការបកស្រាយរបស់លោក ឆាយ វីរៈយុទ្ធ។

ក្រៅពីនេះនាងគឺជាតារាដែលតែងតែបង្ហាញនូវការតុបតែងខ្លួនប្លែកៗជាមួយនឹងតម្លៃខ្ពស់ៗរហូតដល់រាប់ម៉ឺនដុល្លារ។ គោលដៅធំបំផុតរបស់តារាដែលទទួលការចាប់អារម្មណ៍ក្នុងការស្លៀកពាក់រូបនេះ គឺធ្វើឱ្យយ៉ាងណាឱ្យវិស័យហ្វេសហ្សិន និងការបង្ហាញម៉ូដ នៅកម្ពុជាមានការរីកចម្រើនឡើង។ នាងក៏ជាតារាដែលឱ្យតម្លៃក៏ដូចជាលើកទឹកចិត្តឱ្យអ្នកច្នៃម៉ូដកម្ពុជាទាំងអស់មានឱកាសបង្ហាញស្នាដៃលើឆាកជាតិនិងអន្តរជាតិផងដែរ៕

ដោយ៖ ភូមិន្ទ