កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក និងលេខ១នៅអាស៊ី ជាប្រទេសដែលគ្រប់គ្រងជម្ងឺកូវីដ-១៩បានល្អ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់លេខ៣ នៅក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique ដែលផ្សព្វផ្សាយដោយ នាយកដ្ឋានប្រយុទ្ធជម្ងឺឆ្លង នៃក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មានអ្នកឆ្លងសរុបចំនួន៣០៤នាក់។ ក្នុងនោះស្រី៦២ នាក់ និងបុរស២៤២ នាក់។ ក្នុងចំនួននោះ ព្យាបាលជាសះស្បើយសរុបចំនួន២៩៤នាក់ ដែលស្មើនឹងប្រមាណ៩៦,៧១ភាគរយ នៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ ហើយមានអ្នកកំពុងសម្រាកព្យាបាលចំនួន៩ នាក់ ស្រី១នាក់ និងបុរស៨នាក់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ គឺដោយសារការខិតខំរួមគ្នាទាំង ស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករ ដ៏មានប្រសិទ្ធភាព។ សំខាន់ជាងនេះទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តនូវវិធានការណ៍ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់៕

ដោយ៖ ភក្តី (Yuth)