រឿងធំហើយ! Galaxy Navatra ទាមទារឱ្យ រស្មីហង្សមាស បកស្រាយរឿងមួយ

អាចថាជារឿងមួយគួរឱ្យចាប់អារម្មណ៍ពីសំណាក់បងប្អូនដែលតែងតែតាមដានវិស័យចម្រៀងក្នុងស្រុក ព្រោះថាកាលពីយប់ថ្ងៃទី ២០ ខែវិឆ្ឆិកា ឆ្នាំ ២០២០ នេះ ផលិតកម្មដែលទើបនឹងលេចឈ្មោះត្រដែតក្នុងឧស្សាហកម្មចម្រៀងថ្មោងថ្មីគឺ Galaxy Navatra ស្រាប់តែចេញមុខផ្ញើសារសួរនាំសុំការបកស្រាយពីផលិតកម្មយក្ស រស្មីហង្សមាស ក្រោយពេលដែលឃើញបទចម្រៀងក្នុងផលិតកម្មខ្លួនដូចជាបទ “ឡាន សារ៉ែន” “ដណ្ដឹងអូនទៅ” “កង់បី” និងបទ “សុំមួយពេលមក” ជាដើម មានជាប់ឈ្មោះចំណងជើងនៅក្នុងឆានែលយូធូបផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាសទៅវិញ។

ជុំវិញរឿងរ៉ាវនេះដែរលោក យឹម តាស្រង់ ជាអ្នកនិពន្ធ​និងជាអ្នកចាត់ការទូទៅរបស់ Galaxy Navatra បានឱ្យដឹងបន្ថែមថា “… អ្វីដែលលោកបង្ហោះនោះពុំមានចេតនា ឌឺដង ផ្ចាញ់ផ្ចាលអ្វីដល់ផលិតកម្មដែលយកចំណងជើងបទចម្រៀងរបស់ផលិតកម្មលោកទៅដាក់ភ្ជាប់ជាមួយនោះទេ ប៉ុន្តែ លោកគ្រាន់តែឆ្ងល់​និងចង់សុំឱ្យមានការបកស្រាយតែប៉ុណ្ណោះ…”។

ទោះបីជាយ៉ាងណា ក្រោយពីធ្វើការបង្ហោះសុំការបកស្រាយពីផលិតកម្មរស្មីហង្សមាស ទាំងនៅក្នុងគណនីផេកផ្លូវការរបស់ខ្លួនផ្ទាល់ និងនៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោក យឹង តាស្រង់ រួចមក យើងឃើញថា ខាងផលិតកម្មរស្មីហង្សមាសមិនបានចេញមុខបកស្រាយអ្វីជាផ្លូវការនៅឡើយ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺខាងភាគីផលិតកម្ម ណាវ៉ាត់ត្រា បែរជាលុបចោលអស់នូវការបង្ហោះទាមទារការបកស្រាយនោះចេញវិញ គឺត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពេលដែលមហាជននាំគ្នាចាប់អារម្មណ៍ និងចូលរួមបញ្ចេញមតិភ្លូកទឹកភ្លូកដីរួចមក។

សូមបញ្ជាក់ឱ្យដឹងថា បើតាមអ្នកជំនាញខាងឆានែលយូធូបបានបញ្ជាក់ឱ្យដឹងថា ការភ្ជាប់ឈ្មោះបទចម្រៀងដែលកំពុងតែមានការចាប់អារម្មណ៍ ភ្ជាប់ទៅនឹងឆានែលយូធូបមួយផ្សេងទៀត គឺជាការទាក់ទាញចំនួនអ្នកចុចចូលមើលឆានែលរបស់ខ្លួនដោយប្រយោល។ មានន័យថា បើសិនជាមហាជនចុចចំណងជើងបទចម្រៀងមួយចំនួនរបស់ផលិតកម្ម Galaxy Navatra ដែលផលិតកម្មរស្មីហង្សមាសសរសរភ្ជាប់ទៅនឹងឆានែលផ្លូវការរបស់ខ្លួននោះ គឺមហាជនក៏អាចនឹងឆាប់មើលឃើញបទចម្រៀងល្បីៗនៅក្នុងឆានែលផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស ដូចគ្នា៕

ដោយ៖ ភូមិន្ទ