ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញចុះMOUជាមួយក្រុមហ៊ុន​កំពង់ចម្លងដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ការពិនិត្យ និង​ព្យាបាល​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​

(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ (TYDA) និងក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​អរិយ​ក្សត្រ និង​ជ្រោយចង្វារ ស្វាយជ្រំ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដើម្បី​គាំទ្រ និង​ធ្វើ​សកម្មភាព​មនុស្សធម៌​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) តាមរយៈ​ការធ្វើសកម្មភាព​មនុស្ស​ធម៌​ដោយ​ការពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​បេះដូង​មនុស្សធម៌ និង​ដោយ​ឥតគិតថ្លៃ​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ (TYDA) បាន​លើក​ឡើង​ថា៖ នេះ​គឺជា​ថ្ងៃ​ពិសេស​ដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ និង​ក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ និង​ជ្រោយចង្វារ​-​ស្វាយជ្រំ បាន​ភ្ជាប់​និស្ស័យ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ផ្ដល់​លទ្ធភាព និង​កិច្ចសហការ​មនុស្សធម៌ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ការព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ ហើយកំពង់ចម្លង​មិន​ត្រឹមតែ​ជា​មធ្យោបាយ​ចម្លង​ប្រជាពលរដ្ឋ​នោះទេ​ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ និង ចូលរួម​ដល់​សកម្មភាព​មនុស្សធម៌​ជាច្រើន​ទៀត​នៅក្នុង​សង្គម។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​បន្ថែមទៀត​ថា៖ លទ្ធភាព និង​សកម្មភាព​ជួយ​គ្នា​នៅក្នុង​សកម្មភាព​មនុស្សធម៌​គឺជា​ការ​ផ្ដល់នូវ​លទ្ធផល​ជាក់ស្ដែង​ដល់​សង្គមជាតិ ពីព្រោះ​មានលទ្ធភាព​ហើយ​បើ​មិនមាន​សកម្មភាព​ក៏​មិនអាច​ជួយ​ឲ្យ​មាន​លទ្ធផល​បានដែរ​។

ការចុះMOUនេះដែរ នាយក​កំពង់ចម្លង លោក អាន សំអន បាន​មានប្រសាសន៍​ថា៖ ដោយ​បាន​មើលឃើញ​ពី​ទស្សនៈ​វិស័យ នូវ​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ ក្រុមហ៊ុន​កំពង់ចម្លង​ភ្នំពេញ​-​អរិយ​ក្សត្រ និង​ជ្រោយចង្វារ​-​ស្វាយជ្រំ បាន​ចាប់អារម្មណ៍ ក្នុងការ​ចូលរួម​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយសង្គ្រោះ និង​ផ្ដល់​ស្នាមញញឹម​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​តាមរយៈ​ការ​ផ្ដល់សេវា​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

សូម​បញ្ជាក់​ថា៖ សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​(TYDA) ក្រៅពី​ចុះ​បេសកកម្ម​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​តាម​បណ្ដា​ខេត្ត​ក​សម្រាប់​ក្រុម​បាន​ចុះ​ធ្វើ​សកម្មភាព​អប់រំ​សុខភាព និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​សហគមន៍​ក្រីក្រ រោងចក្រ មជ្ឈមណ្ឌល​កុមារកំព្រា​ដែល​សកម្មភាព​ទាំងអស់​នេះ​មានការ​ចូលរួម​ពី​សប្បុរសជន​ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​ជួយផ្ដល់​លទ្ធភាព​ដល់​សមាគម​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​៕

សម្រួលអត្ថបទ ៖ S.T