ម៉ូតូនិងរថយន្តបើកបុកគ្នាបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់នៅស្រុកស្អាង

(កណ្តាល) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យរបួសធ្ងន់បុរសម្នាក់ កើតហេតុនៅថ្ងៃសុក្រទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទីនៅចំណុចលើផ្លូវជាតិលេខ២១ ខាងជើងផ្សារស្អាងខាងជើង ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងឈ្មោះ ប៉ែន ធីណា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រួយស្លែង ឃុំគីរី ស្រុកគីរីវង់ ខេត្ត តាកែវ បាន បើករថយន្ត ម៉ាកហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ គ្មានពាក់ស្លាកលេខ បើកបរក្នុងទិសដៅពី ជើងទៅត្បូង(តាខ្មៅ -ជ្រៃធំ) ។

លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AE-5568 បើកបរដោយឈ្មោះ ហេង សំអុល ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្ដាល ដដែលកំពុងបើកក្នុងទិសដៅស្របគ្នាពីជើងមកត្បូងបណ្ដាលឱ្យដួលរងរបួសធ្ងន់តែម្តង។

បន្ទាប់ ពី បាន ទទួល ព័ត៌មាន សមត្ថកិច្ចបានចុះមកពិនិត្យ និង វាស់វែងកន្លែងកើតហេតុ ហើយបានដកហូតយកវត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ។ ចំណែកអ្នករងរបួសត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូបើកមិនប្រកាន់ស្ដាំឬគន្លងផ្លូវរបស់ខ្លួន មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ ការ ប្រុង ប្រយ័ត្ន ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៕

ដោយ៖ ភាវុន (Yuth)