យុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ហែកបង្អួចរត់ចេញពីមណ្ឌល

(ព្រះសីហនុ)៖ យុវជនកំពុងបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន ៥០នាក់ បានហែកបង្អួចរត់ចេញពីមណ្ឌល នៅវេលាម៉ោងជិត ១១យប់ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចំរុះមាននគរបាល កងរាជអាវុធហត្ថ ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរកឃើញវិញចំនួន ០៧នាក់ និងកំពុងតាមស្វែងរកអ្នកកំពុងរត់គេចបន្តទៀត។

សមត្ថកិច្ច បញ្ជាក់ថា យុវជនបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលស្តារនិតិសម្បទាកែវផុសនេះមានចំនួនសរុប ១០៣ នាក់ ដែលទើបបញ្ជូនមកពីមជ្ឈមណ្ឌល ស្តារនីតិសម្បទាក្រាំងធ្នង់ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាជនរងគ្រោះដោយសារគ្រឿងញៀន (មិនមែនជាអ្នកជាប់ទោស) ដែលចាំបាច់ត្រូវស្តារនិតិសម្បទាឡើងវិញ តាមរយៈការបន្សាបគ្រឿងញៀនពីក្នុងខ្លួន និងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗបន្ថែមទៀតដើម្បីឲ្យក្លាយជាយុវជនល្អឡើងវិញ៕

ដោយ៖ ឡេង ស៊ (Yuth)