ជំងឺកូវីដ១៩ មិនទាន់ស្រាកស្រាន្តផង អ្នកនេសាទសេណេហ្កាល់រាប់រយនាក់ ធ្លាក់ខ្លួនឈឺជំងឺចម្លែកថ្មីមួយទៀតហើយ

(អន្តរជាតិ)៖ អ្នកនេសាទជនជាតិសេណេហ្កាល់ ប្រមាណជាង៥០០នាក់ បានទទួលនូវការឆ្លងជំងឺអាថ៌កំបាំងថ្មីមួយទៀតហើយ ក្នុងពេលដែលជំងឺកូវីដ១៩ មិនទាន់ទាំងបានស្រាកស្រាន្តផងនោះ។

អគ្គនាយកនៃស្ថាប័នជាតិផ្នែកព័ត៌មាន និងអប់រំនៃប្រទេសសេណេហ្កាល់ លោក Ousmane Gueye បាននិយាយថា អ្នកទទួលរងនូវការឆ្លងជំងឺចម្លែកនេះ គឺជាបុរសដែលមកពីទីក្រុងនេសាទមួយនៅជាយក្រុងដាកា ហើយពេលនេះតម្រូវឲ្យដាក់ធ្វើចត្តឡីស័កហើយ។

ជំងឺនេះបានបណ្តាលឲ្យអ្នកឆ្លងមានពងបែក និងដំបៅហៀរខ្ទុះនៅលើផ្ទៃមុខ ចុងដៃ បបូរមាត់ និងលើផ្នែកខ្លះទៀតនៃដងខ្លួន ហើយអ្នកខ្លះទៀតឈឺក្បាល និងក្តៅខ្លួនផងដែរ។

បើតាមរបាយការណ៍ដំបូងអំពីការឆ្លងជំងឺនេះ បានកើតឡើងតាំងពីថ្ងៃទី១២ ខែវិច្ឆិកានៅពេលដែលមានបុរសម្នាក់កើតឡើងដំបៅពាសពេញលើផ្ទៃមុខ បបូរមាត់ និងមានលេចចេញពណ៌ក្រហមនៅក្នុងភ្នែកយ៉ាងធ្ងន់ធ្ងរ។

គេសង្ស័យថា អ្នកជំងឺទាំងនេះ ទំនងជាបណ្តាលមកពីជាតិពុលអ្វីម្យ៉ាង ពីព្រោះនៅតំបន់ដែលពួកគេទៅនេសាទនោះ ក៏ធ្លាប់មានត្រីងាប់រាប់ពាន់ក្បាល ដោយគ្មានមូលហេតុផងដែរ៕

ដោយ៖សារឹទ្ធ(Micheal)