បង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំ ជិត ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យផ្សាយថា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១ និង០០នាទី កម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រុងទ្រាយធំជិត ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ការបង្រ្កាបខាងលើ បានធ្វើឡើងនៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បណ្តាញសង្គមខាងលើ បានបន្តទៀតថា ជាលទ្ធផល​កម្លាំងបាន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលមានឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងចាប់បានវត្ថុតាងមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ
១០០ក្រាម។

ជាមួយគ្នានោះនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោងប្រហែល ១២ និង៥នាទី កម្លាំងសមត្ថកិច្ច បានបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន។

ក្នុងប្រតិបត្តិការ ចុះឆែកឆេរនោះ កម្លាំងបានបន្តរកឃើញ សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ ៤៧៧៨០.៨៧
ក្រាម, អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម, នីមេតាហ្សេប៉ាម ៧៧.០៤ក្រាម។

កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថាប្រតិបត្តិការដដែលនោះ កម្លាំង បានចាប់យកវត្ថុតាងសរុបនូវក្រឿងញៀន ទម្ងន់ ៤៨១៦០,៥៤ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕ ដោយ៖ Micheal