​រាជរដ្ឋាភិបាលកម្ពុជា កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិត កម្ពុជាចំនួន១២៨នាក់

(ភ្នំពេញ)៖ អ្នក់នាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្តីប្រកាសព័ត៌មាន ថា
​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាចំនួន១២៨នាក់។

ក្នងសេចក្តីជូនដំណឹង ខាងលើបានបញ្ជាក់ថា ការជួយសម្រួលនូវមាតុភូមិនិវត្តន៍ បានធ្វើឡើងបន្ទាប់ពី ពួកគេបានបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការ ធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។

ជាមួយគ្នានោះ ភាគីអ៊ីស្រាអែល នឹងបញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា តាមជើងយន្តហោះពិសេស ដែលហោះត្រង់ពីប្រទេសអ៊ីស្រាអែលមកកាន់កម្ពុជា។ ពេលមកដល់កម្ពុជា ជើងយន្តហោះពិសេសនោះ នឹងដឹកបញ្ជូននិស្សិតកម្ពុជាដែលបានទទួលអារូបករណ៍ចំនួន២៥០នាក់ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលវិញផងដែរ៕