អភិបាលរាជធានី ចែកម៉ាសជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូងនិងភូមិកប់ស្រូវតូច សង្កាត់គោករការ

(ភ្នំពេញ)៖ ទោះបីព្រឹត្តិការណ៍៣វិច្ឆិការ បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែ កូវីដ-១៩មិនបានភ្លេចយើងនោះទេ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២០ នេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួង ស្រេងបានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូងនិងភូមិកប់ស្រូវតូចសង្កាត់គោករការ ខណ្ឌព្រែកព្នៅដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាសនេះ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃនិងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ ។

លោកថា ព្រឹត្តិកាណ៍៣វិច្ឆិការ បានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញគឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែ កូវីដ-១៩មិនបានភ្លេចយើងនោះទេ។ដូច្នេះបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕

ដោយ៖ហែមរដ្ឋា

សម្រួលផ្សាយ៖ ភូរៈ