កូរ៉េ ផ្តល់ម៉ាសប្រភេទ KF-80 ចំនួន៨៤កេស ស្មើនឹង៤ម៉ឺនម៉ាស់ ជូនក្រសួងឧស្សាហកម្ម

(ភ្នំពេញ)៖ ម៉ាសប្រភេទ KF-80 ចំនួន៨៤កេស ស្មើនឹង៤ម៉ឺនម៉ាស់ របស់វិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ ផ្តល់មកឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ត្រូវបានរៀបចំពិធី ប្រគល់បន្ត ដល់បណ្តាសហគ្រាស កំពុងសហការអនុវត្តន៍គម្រោងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដែលពិធីនេះ បានប្រព្រឹត្តទៅ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ។

ឯកឧត្តម សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកកិច្ចការទូទៅ និងជានាយកខុទ្ទកាល័យនៃក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៏មានប្រសាសន៍ថា ម៉ាសប្រភេទ KF-80 ចំនួន៨៤កេសរបស់វិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ បានធ្វើការចែកចាយដល់បណ្តាសហគ្រាសចំនួន១៦ ក្នុងនោះ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដែលកំពុងសហការអនុវត្តគម្រោង មានចំនួន ១១សហគ្រាស និងសហគ្រាសដែលមានការពាក់ព័ន្ធដល់គម្រោង សហគ្រាសធុនតូច និងមធ្យមមានចំនួន៥ សហគ្រាស ដោយក្នុងមួយសហគ្រាសទទួលបាន១ពាន់ម៉ាស់។ ក្រៅពីនេះ ចំនួនម៉ាស់ដែលនៅសល់ នឹងត្រូវរក្សាទុក សម្រាប់ប្រើប្រាស់ និងចែកជូនបណ្តាអង្គភាព ក្រោមឱវាទ តាមតម្រូវការចាំបាច់ជាក់ស្តែង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានថ្លែងអំណរគុណ ដល់វិទ្យាស្ថានកូរ៉េ សម្រាប់ការ អភិវឌ្ឍបច្ចេកវិទ្យានិងវិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ ដែលបានធ្វើអំណោយជាម៉ាស់ ដែលមានគុណភាព ស្របតាមស្តង់ដារជូនក្រសួង សម្រាប់ប្រើប្រាស់និងចែកជូនបន្តទៅដល់បណ្តាសហគ្រាសមួយចំនួន ដែលមានការពាក់ព័ន្ធគម្រាងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ស្របពេលដែលពិភពលោក ក៏ដូចជា កម្ពុជា កំពុងទទួលរងគ្រោះដោយមេរោគឆ្លង Covid-19 ។

បើទោះបីជាការចែកជូនម៉ាសនាពេលនេះ មាន ចំនួនតិចតួចក៏ដោយ ក៏ប៉ុន្តែ នេះក៏ជាការដាស់តឿនស្មារតី ជាពិសេស ដល់បណ្តាសហគ្រាសអ្នកផលិតចំណី អាហារទាំងឡាយ ដែលមានថ្នាក់ដឹកនាំ កំលាំងពលកម្មនិងបុគ្គលិកធ្វើការនៅក្នុងនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទាំងសុខភាពផ្ទាល់ខ្លួន សុវត្ថិភាពចំណីអាហារនិងសុខភាពអតិថិជនរបស់ខ្លួន។ ពីព្រោះថា ការប្រើប្រាស់ម៉ាស់ ដែលមិនស្របតាមកំរិតស្តង់ដារ វានឹងអាចឆ្លងពីមនុស្សទៅមនុស្ស ពីមនុស្សទៅចំណីអហារ របស់អ្នកប្រើប្រាស់ នឹងអាចឈានឆ្លងដល់អតិថិជនរបស់ខ្លួនទៀតផង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធលើកឡើងថា ម៉ាស់ប្រភេទ KF-80 ជាប្រភេទម៉ាស ដែលមានស្តង់ដារ ការពារមេរោគបានកំរិតខ្ពស់ តែបើយើងជាអ្នក ប្រើប្រាស់ មិនអនុវត្តរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ យើងនឹងអាចទទួលហានិភ័យផងដែរ។ ឯកឧត្តម ក៏បានក្រើន រំលឹកពីការពាក់ម៉ាស់ គឺម៉ាស់មួយពាក់បានតែមួយដងទេ ហើយត្រូវបោះចោលក្នុងធុងសំរាម មិនអាចយកមកប្រើប្រាស់ ម្តងទៀត ឬទុកវាពាសវាលពាសកាលបាននោះទេ ពីព្រោះបើម៉ាសនោះ មានចម្លងមេរោគនៅជាប់ពីស្រទាប់ខាងក្រៅនោះ វានឹងអាចឆ្លងទៅខ្លួនយើង ឬទៅអ្នកដ៏ទៃបាន ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា មេរោគកូវីដ-១៩ មិនទាន់បានផុតរលត់ ពីពិភព លោកយើងនៅឡើយទេ ដូចនេះសូមឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ប្រកាន់ខ្ជាប់នូវគោលការណ៏ ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលរបស់យើង។ ដោយបច្ចុប្បន្ន កម្ពុជាយើង កំពុងឈរក្នុងលំដាប់លេខ១នៅអាស៊ី ដែលចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ បានល្អប្រសើរនេះ ក៏ដោយសារប្រមុខរាជរដ្ឋាភិបាលរបស់យើង មានការដឹកនាំដ៏វៀងវៃ ទប់ស្កាត់បានទាំងភាពចលាចល រក្សា ស្ថិរភាពទំនិញ មានស្តុកយុទ្ធសាស្ត្រស្បៀង ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងការពារបាន នូវការ បាត់បង់អាយុជីវិតមនុស្សផងដែរ៕

ដោយ៖ Yuth