ប្រជាពលរដ្ឋនាំគ្នាស្វាគមន៍លោកចោរដៃរហ័ស ម្នាក់មួយដៃ មួយជើង ក្រោយពីលួចម៉ូតូគេមិនបានសម្រេច

(ស្វាយរៀង)៖ ជនសង្ស័យម្នាក់ បានចូលលួចម៉ូតូគេបញ្ឈរនៅខាងមុខហាងអ៊ុតសក់ ហើយឡើងជិះគេចខ្លួន ក៏ប៉ុន្តែត្រូវម្ចាស់ដឹងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ស្ទាក់ចាប់បាន អ្នកស្រុកព្រួតវាយហើមមុខ។ ករណីចោរលួចម៉ូតូនេះ បានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៦ និង៣៦នាទីយប់ នៅត្រង់ចំណុចហាងអ៊ុតសក់មួយកន្លែង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះអ៊ុក ចាន់ ហៅយូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋដែលគេបញ្ឈទុកនៅខាងមុខហាងអ៊ុតសក់។

ប្រភពបន្តថាមុនពេលកើតហេតុ គេឃើញជនសង្ស័យដើរចេញពីរង្វង់មូលនាគព័ន្ធ នៃកំណាត់ផ្លូវជាតិលេខ១ សំដៅទៅទិសខាងត្បូង ពេលទៅដល់ខាងមុខហាងអ៊ុតសក់ទល់មុខសាលាដំបូងខេត្តស្វាយរៀង ក៏បានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ដែលជនរងគ្រោះឈ្មោះមឿង ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំមុខរបរមេផ្ទះ មានទីលំនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ បញ្ឈរទុកនៅចិញ្ចើមផ្លូវខាងមុខហាងអ៊ុតសក់ ដោយមិនបានដកចង្កឹះសោរចេញពីម៉ូតូ។

ខណៈនោះជនសង្ស័យដើរមកឃើញម៉ូតូជនរងគ្រោះចតនៅខាមុខហាង ហើយមានសោនៅជាប់ជាមួយម៉ូតូផងនោះក៏ចូលលួចម៉ូតូ រួចជិះចេញទៅទឹសខាងត្បូងបាត់ ចំណែកម្ចាស់ម៉ូតូឃើញទាន់ដែរតែមិនបានចាប់អារម្មណ៍ បន្តិចក្រោយមក ទើបជនរងគ្រោះដឹងថា បាត់ម៉ូតូក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខសញ្ញាសង្ស័យនិងបានដាក់កម្លាំងតាមស្ទាក់គ្រប់ផ្លូវរហូតឃើញជនសង្ស័យជិះម៉ូតូនៅចំណុចភូមិរោងបន្លែ ក៏ឃាត់ខ្លួនដើម្បីសាកសួរ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះមែន។

បន្ទាប់មកសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យបញ្ជូនទៅការិយាល័នគបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដោយ៖ ធារ៉ា(Micheal)