ឯកឧត្តម​ គន់​ គីម​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្កបង្កេីនផលការ ស្តារស្រូវឡេីងវិញ​ នៅខេត្ត​បាត់​ដំបង​ និងបន្ទាយមានជ័យ

(បាត់ដំបង)៖ ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ នេះ​ ឯកឧត្តម​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ និង​ជា​អនុប្រធាន​ទី​១គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​ នៃការងារបង្កបង្កេីនផលការ ស្តារស្រូវឡេីងវិញ​ និងជួបសំណេះសំណាល​ជាមួយ​បងប្អូន​កសិករ​ ក្នុងភូមិ​សំបុកអក​ ឃុំកំពង់ព្រៀង​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ និង ឃុំ សឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពេលទទួលបានគ្រាប់ពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានចូលរួមអបអរ ចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករ ក្នុងការស្តារផលិតកម្មស្រូវឡើងវិញ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា ការងារស្តារឡើងវិញបានលទ្ធផលប្រមាណជាង៥០%ហើយ ក្នុងនោះ ខេត្តបាត់ដំបងបាន ៥,៨៣១ហិចតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា និង ខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិចតាលើផ្ទៃដីខូចខាតសរុបដែលអាចស្តារឡើងវិញបានចំនួន ១១,១៦៩ ហិចតា ហើយអាជ្ញាធរនិងប្រជាពលរដ្ឋកំពុងបន្តកិច្ចការនេះបន្ថែមទៀតដើម្បីគ្រប់តាមផែនការ៕ ដោយ៖ Micheal